ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រោយមេគយធំ កោះហៅបំភ្លឺ ឈួន សោភា នៅតែរក្សាតំណែង កន្លែងខ្លាញ់ បានដដែល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 05:10 ល្ងាច អ្នកអាន 484

ភ្នំពេញ៖លោកឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ដែលជាបុគ្គលមួយរូបល្បីល្បាញរឿងអាស្រូវយ៉ាងខ្លាំងរហូត លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិតកោះហៅទៅបំភ្លឺ ជុំវិញការងាររបស់ខ្លួននោះ រហូតមកដល់ពេលនេះ លោកឈួន សោភា នៅតែរក្សាបានតំណែងមួយនេះដដែល។

រឿងអាស្រូវរបស់លោកឈួន សោភា មានការិះគន់យ៉ាងខ្លាំងហើយអាចមានមន្ត្រីគយមួយចំនួន និងអ្នករកស៊ីដឹកជញ្ជូនទំនិញ តាមផ្លូវជាតិលេខ៥ កំពុងរងចាំមើលវិធានការ កណ្ដាប់ដៃដែករបស់លោកគុណ ញឹម តើហ៊ានអនុវត្តតាមគោលការណ៍របស់នាយករដ្ឋមន្ត្រីហ៊ុន សែន អភិក្រម ដែរឬយ៉ាងណា។

ថ្មីៗនេះរឿងអាស្រូវរបស់លោក ឈួន ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។ ភាពមិនប្រក្រតី របស់លោក ឈួន សោភា ទំនងលោក គុណ ញឹម ដឹងយ៉ាងច្បាស់ហើយថែមទាំងកោះហៅលោក ឈួន សោភា ឲ្យឡើងមកបំភ្លឺទៀតផងកាលពីពេលថ្មីកន្លងទៅនេះ។

ក្រុមឈ្មួញនិងក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បើទោះបីពួកគាត់ដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយ កន្លែងឲ្យគយចល័តផ្លូវជាតិលេខ៥ មានស្នាក់ការក្បែរស្ពានទឹកថ្លានោះដែរ។

ប្រភពបានបង្ហើបឲ្យដឹងថា ទំនងអាចអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្ត ដោយគ្មានញញើតអ្វីទាំងអស់។

បើតាមប្រភពបានឲ្យដឹងថា រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលមានផ្ទុកឥវ៉ាន់ខ្លះៗនោះ ក្នុងមួយខែៗ អាចត្រូវបានលោក ឈួន សោភា កំណត់ឲ្យបង់លុយពី៦លានរៀលទៅ៧លានរៀលសម្រាប់រថយន្តមួយគ្រឿង។ ជាងនេះទៅទៀតក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីច្រកប៉ោយប៉ែត ក៏ដូចជាពីច្រកព្រំដែនក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកថ្មពួក ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ដោយក្នុងមួយយប់ៗរាប់សិបគ្រឿង បានឈប់នៅប៉ុស្ដិ៍ របស់លោក ឈួន សោភា អាចឈប់បង់លុយឲ្យមន្ត្រីគយទាំងនោះ។

មជ្ឍដ្ឋាននានា បានលើកឡើងថា រាល់រថយន្តដឹកទំនិញ ដែលដឹកពីប្រទេសថៃ ចូលមកកម្ពុជា តាមផ្លូវជាតិលេខ៥ គឺតាមច្រកព្រំដែន សុទ្ធតែមានស្នាក់ការគយ ប៉ុន្តែបើទោះបីជាមានការបង់ពន្ធតាមស្នាក់ការគយ នៅព្រំដែន យ៉ាងណាក៏ដោយ ក៏រថយន្តដឹកទំនិញទាំងនោះ បានឈប់បន្តគ្នានៅមុខស្នាក់ការរបស់លោកឈួន សោភា អាចចូលទៅបង់លុយ ទំនងតាមរបៀបពុករលួយ។
ជុំវិញករណីនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកឈួន សោភា បាននៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី២២ខែឧសភានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,704 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,377 នាក់