ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជីវប្រវត្តិសង្ខេប សម្តេច ហេង សំរិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:00 ព្រឹក អ្នកអាន 1000

ភ្នំពេញ៖ ថ្ងៃ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃខួបកំណើត គម្រប់ ៨៥ ឆ្នាំ ឈានចូល ៨៦ ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃខួបកំណើតរបស់សម្តេច ហេង សំរិន សូមលើកឡើងនូវជីវប្រវត្តិសង្ខេបបរបស់សម្តេច ហេង សំរិន ដូចខាងក្រោម៖

សៀវភៅ “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន” ដែលបានបោះពុម្ព នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ បង្ហាញថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មាននាមដើមថា “ហេង ហ៊ីម” ហៅ “រិន” កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ ក្នុងគ្រួសារកសិករក្រីក្រមួយ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ( សព្វថ្ងៃខេត្តត្បូងឃ្មុំ ) ជាប់ព្រំដែនវៀតណាម។

ពីកុមារ រហូតដល់អាយុ ១២ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ ក្នុងភូមិឃុំស្រុកកំណើត។ ពីអាយុ ១២ឆ្នាំ រហូតដល់ឆ្នាំ១៩៤៩ សម្តេច ហេង សំរិន រស់នៅ និងរៀនសូត្រជាមួយព្រះសង្ឃ លោកគ្រូ “គង់សូ” ជាគ្រូសូត្រស្តាំ នៅវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៤ បានបួសរៀនពុទ្ធិកបឋមសិក្សា ចំនួន ៥ឆ្នាំ នៅវត្តត្រពាំងព្រីង រួចក្រោយមក នៅឆ្នាំ១៩៥៤ សម្តេច ហេង សំរិន បានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។

បន្ទាប់មក នៅឆ្នាំ១៩៥៥ សម្តេច ហេង សំរិន បានចូលរួមជាមួយបក្សប្រជាជនបដិវត្តន៍ខ្មែរ ធ្វើការឃោសនាបោះឆ្នោត នៅក្នុងខេត្តកំពង់ចាម និងក្រោយការបោះឆ្នោតនោះ សម្តេចហេងសំរិន បានទៅធ្វើជាកម្មករចៀរជ័រកៅស៊ូ នៅចម្ការកៅស៊ូក្រែក រហូតដល់ចុងឆ្នាំ១៩៥៦ ទើបសម្តេច វិលត្រឡប់មកភូមិកំណើតវិញ។
នៅឆ្នាំ១៩៥៧ សម្តេច ហេង សំរិន បានរៀបអាពាហ៍ពិពាហ៍ ជាមួយកញ្ញា “សៅ ទៀប” ហៅ “សៅ ទី” ដែលបច្ចុប្បន្ន ជាលោកជំទាវ សៅទី ហេងសំរិន។ ក្រោយរៀបការរួច សម្តេចហេងសំរិន បានរស់នៅប្រកបមុខរបររកស៊ី ធ្វើស្រែ ក្នុងភូមិអន្លង់ជ្រៃ ដែលជាស្រុកកំណើត។ សម្តេច មានកូនបង្កើត ៤នាក់ ( ស្រី ៣នាក់ និងប្រុស ១នាក់ ) រួមមាន៖ ១-ហេងពៅ ( ស្រី ) ២-ហេងសំអូន ( ស្រី) ៣-ហេងសំណាង ( ប្រុស) និង៤-ហេងសំអាន (ស្រី)។
នៅឆ្នាំ១៩៥៩ សម្តេចហេងសំរិន បានជួបជាមួយតំណាងបក្សប្រជាជនដិវត្តន៍ខ្មែរ ដើម្បីស្វែងរកទាក់ទងជាមួយកម្លាំងបដិវត្តន៍នៅវៀតណាមភាគខាងត្បូង ( ហៅ វៀតកុង )។
ដល់ឆ្នាំ១៩៦១ សម្តេច និងភរិយា បានចូលជាសមាជិកបក្សប្រជាជនបដិវត្តន៍ខ្មែរ។ បន្ទាប់មក សម្តេច ត្រូវបានប្រធានភូមិភាគបូព៌ា “សោ ភឹម” ចាត់តាំងជាអនុប្រធានក្រុមនីរសាបច្ចេកទេសរបស់ភូមិភាគ និងបានប្រគល់ភារកិច្ចឲ្យចេញទៅធ្វើសកម្មភាព នៅមូលដ្ឋានភូមិម្តងម្កាលផង។
លុះឈានដល់ដើមឆ្នាំ១៩៦៩ សម្តេច ហេង សំរិន ត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យមួយ ស្ថិតនៅខាងត្បូងភូមិសំរែ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ហើយក្រោយមក សម្តេចក៏ត្រូវបានបញ្ជូនឲ្យទៅនៅក្នុងកងអនុសេនាតូចផ្នែក៦ តំបន់២០។
ដល់ឆ្នាំ១៩៧០ ពេលលោក លន់ នល់ ធ្វើរដ្ឋប្រហារ ទម្លាក់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ភូមិភាគ ២០៣ បានចាត់តាំងសម្តេច ឲ្យទទួលតួនាទីជាបន្តបន្ទាប់ គឺនៅឆ្នាំ១៩៧០ ជាប្រធានកងអនុសេនាធំ។ នៅឆ្នាំ១៩៧១ សម្តេចហេងសំរិន ជាអនុប្រធានកងវរសេនាតូច និងឆ្នាំ១៩៧២ សម្តេចជាប្រធានកងវរសេនាតូច។
នៅឆ្នាំ១៩៧៣ សម្តេច ហេង សំរិន ជាប្រថានកងវរសេនាធំកងទ័ពស្រួចរបស់ភូមិភាគបូព៌ា ( ២០៣ ) បានរួមចំណែកចូលរួមរំដោះទីក្រុងភ្នំពេញ នាឆ្នាំ១៩៧៥។
ក្រោយឆ្នាំ១៩៧៥ តាមបទបញ្ជារបស់ថ្នាក់លើ សម្តេច ហេង សំរិន ត្រូវវិលត្រឡប់ទៅភូមិភាគបូព៌ាវិញ និងបន្ទាប់មក សម្តេចបានធ្វើជាប្រធានកងពលលេខ៤។
ដល់ពេលក្រោយមក ពួក ប៉ុល ពត បានចោទប្រកាន់ថា ភូមិភាគបូព៌ា ក្បត់ ពួកវាក៏បញ្ជូនកម្លាំងទៅបង្ក្រាប។ នៅពេលនោះ សម្តេចហេងសំរិន និងកងកម្លាំង ដែលនៅសេសសល់ បានតស៊ូប្រយុទ្ធ រហូតដល់ពេលចុងក្រោយ ខ្វះអាវុធយុទ្ធភណ្ឌ ខ្វះគ្រាប់រំសេវ ទើបសម្តេច បង្ខំចិត្ត ត្រូវរំសាយកម្លាំងជាក្រុមតូចៗ ហើយឆ្លងដែន ទៅប្រទេសវៀតណាម។
សម្តេច ហេង សំរិន ក៏បានចូលរួមជាមួយកម្លាំងតស៊ូរបស់កម្ពុជាជាច្រើនទៀត វាយផ្តួលរំលំរបបប៉ុលពត រំដោះបានប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ សម្តេច ហេង សំរិន ត្រូវបានជាប់ឆ្នោតជាថ្នាក់ដឹកនាំបក្សកុម្មុយនីស្តកម្ពុជា ( បក្សប្រជាជនបដិវត្តខ្មែរ ) ជាមួយអស់លោក ០៦នាក់ទៀត រួមមាន៖ លោក ប៉ែន សុវណ្ណ លោកជាស៊ីម លោកហ៊ុនសែន លោកប៊ូថង លោកវ៉ាន់សន និងលោក ចាន់គិរី។
ក្នុងអំឡុងពេល ១៣ឆ្នាំ ( ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ) ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលក្រោយមក បានប្តូរឈ្មោះមកជា “បក្សប្រជាជនបដិវត្តន៍កម្ពុជា” បច្ចុប្បន្ន គឺ “គណបក្សប្រជាជនកម្ពុជា” សម្តេច ហេង សំរិន បានទទួលតួនាទី ជាបន្តបន្ទាប់ ដូចតទៅ៖
ថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៧៩ សម្តេចហេងសំរិន ជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា

មកដល់ដើមខែឧសភា ឆ្នាំ១៩៨១ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា លើកដំបូង បន្ទាប់ពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ នៅពេលនោះ សម្តេច បានជាប់ឆ្នោត ជាតំណាងរាស្ត្រ មណ្ឌលភ្នំពេញ។ បន្ទាប់មក មានការរៀបចំរដ្ឋាភិបាលថ្មី សម្តេចហេងសំរិន ក៏ត្រូវប្តូរតួនាទី ទៅធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញ។

ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨១ ក្នុងមហាសន្និបាត លើកទី៤ របស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលពេលនោះ ត្រូវបានប្តូរឈ្មោះមកជាបក្សប្រជាជនបដិវត្តន៍កម្ពុជា សម្តេចហេងសំរិន ត្រូវបានជាប់ឆ្នោត ជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍កម្ពុជា។

បន្ទាប់មក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៨១ សន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស លើកទី២ អាណត្តិទី៤ បានធ្វើការអនុម័ត ដកលោក ប៉ែន សុវណ្ណ ពីអគ្គលេខាមជ្ឈិមបក្ស និងពីសមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជា ដោយសារមានកំហុសធ្ងន់ធ្ងរក្នុងការដឹកនាំ។ បន្ទាប់មក សន្និបាត បានបោះឆ្នោតជ្រើសតាំង សម្តេច ហេង សំរិន ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍កម្ពបុជា ដើម្បីឲ្យសម្តេច ដឹកនាំបក្សនាពេលបន្តមកទៀត។

ដល់ពាក់កណ្តាលខែតុលា ឆ្នាំ១៩៨៥ ( ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨៥ ) មហាសន្និបាតតំណាងបក្សទូទាំងប្រទេស អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំង សម្តេចហេងសំរិន ជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាគណៈលេខាមជ្ឈិមបក្សម្តងទៀត។
លុះដល់ឆ្នាំ១៩៩១ ( ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ) គណបក្ស បានសម្រេចប្តូរឈ្មោះបក្សពីបក្សប្រជាជនបដិវត្តន៍កម្ពុជា មកជាគណបក្សប្រជាជនកម្ពុជា ពីសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស មកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងពីគណៈលេខាមជ្ឈិមបក្ស មកជាគណៈប្រចាំការនៃគណៈកម្មាធិការកណ្តាល វិញ។

ពេលនោះ មហាសន្និបាត បានបោះឆ្នោតជ្រើសរើស សម្តេច ជា ស៊ីម ជាប្រធានគណបក្ស សម្តេច ហ៊ុនសែន ជាអនុប្រធានគណបក្ស និងសម្តេចហេងសំរិន ជាប្រធានកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩៣ មានការបោះឆ្នោត ក្រោមការចាត់ចែងរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ សម្តេចហេងសំរិន ត្រូវបានជាប់ឆ្នោត ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

នៅឆ្នាំ១៩៩៤ សម្តេចហេងសំរិន ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅក្នុងឆ្នាំ១៩៩៤ ដដែល សម្តេចក៏ត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥។ ប៉ុន្តែដល់ឆ្នាំ១៩៩៥ ដោយមានការកែសម្រួលឋានន្តរស័ក្តិទូទាំងកងទ័ពព សម្តេចក៏ត្រូវបានបន្ថយស័ក្តិមកនៅត្រឹមផ្កាយមាស ៤ វិញ។

មកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ សម្តេច ហេង សំរិន បានទទួលគោរមងារ ជា “សម្តេច ហេង សំរិន”។
ក្នុងការបោះឆ្នោត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ សម្តេច ហេង សំរិន ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងត្រូវបានរដ្ឋសភា បោះឆ្នោតជាប់ជាអនុប្រធានទី១ រដ្ឋសភា។

ក្នុងការបោះឆ្នោត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ សម្តេចហេងសំរិន ត្រូវបានជាប់ឆ្នោត ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមដដែល និងបន្ទាប់មក ត្រូវបានរដ្ឋសភា បោះឆ្នោតជាប់ជាអនុប្រធានទី១ រដ្ឋសភា។

ដល់ឆ្នាំ២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលាលែងពីតំណែងប្រធានរដ្ឋសភា នៅពេលនោះ សម្តេចហេងសំរិន ត្រូវបានរដ្ឋសភា បោះឆ្នោតជាប់ជាប្រធានរដ្ឋសភា ( នៅពាក់កណ្តាល នីតិកាលទី៣ នៃរដ្ឋសភា )

ក្នុងឆ្នាំ២០០៧ សម្តេច ហេង សំរិន បានទទួលគោរមងារជា “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ សម្តេច ហេង សំរិន បានទទួលការតែងតាំងពីព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ឡើងវិញ។

ក្នុងការបោះឆ្នោត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ សម្តេច ហេង សំរិន បានជាប់ឆ្នោត ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម បន្តទៀត និងរដ្ឋសភា បានបោះឆ្នោត ឲ្យសម្តេច ធ្វើជាប្រធានរដ្ឋសភា នៃនីតិកាលទី៤។

ដល់ឆ្នាំ២០១១ សម្តេចហេងសំរិន បានទទួលគោរមងារជា “កិត្តិព្រឹទ្ធបណ្ឌិត” នៃរាជបណ្ឌិត្យសភាកម្ពុជា
ការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ សម្តេច ហេង សំរិន ក៏បានជាប់ឆ្នោត ជាតំណាងរាស្ត្រ ខេត្តកំពង់ចាម និងត្រូវបានរដ្ឋសភា បោះឆ្នោត ឲ្យសម្តេច ធ្វើជាប្រធានរដ្ឋសភា នៃនីតិកាលទី៥។

ក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម្តេច ហេង សំរិន ក៏បានជាប់ឆ្នោត ជាតំណាងរាស្ត្រ មណ្ឌលខេត្តត្បូងឃ្មុំ ( ខេត្តកំពង់ចាម បំបែកជាពីរ គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ) និងត្រូវបានរដ្ឋសភា បោះឆ្នោត ឲ្យសម្តេច ធ្វើជាប្រធានរដ្ឋសភា នៃនីតិកាលទី៦។

អំពីគ្រឿងឥស្សរិយយស ដែលសម្តេច ហេង សំរិន ទទួលបាន៖
-គ្រឿងឥស្សរិយយស ជាតូបការ
-គ្រឿងឥស្សរិយយស ឯករាជ្យជាតិ
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
-គ្រឿងឥស្សរិយយស សម្តេចពប្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ
-គ្រឿងឥស្សរិយយស ការពារជាតិ ( ថ្នាក់មាស៣ ថ្នាក់ប្រាក់៣ ថ្នាក់សំរិទ្ធ៣ )
គ្រឿងឥស្សរិយយស ដែលទទួលបានពីបរទេស៖
-មេដាយមាសសន្តិភាព ជូលីយ៉ូត ឃឺរៀ នៃក្រុមប្រឹក្សា សន្តិភាព ពិភពលោក ក្នុងឆ្នាំ១៩៨០
-មេដាយពីលោក យ៉ាសេ អារ៉ាហ្វាដ មេដឹកនាំបាឡេស្ទីន
-មេដាយពីប្រទេស ប៉ុលហ្គារី
-មេដាយពីប្រទេស គុយបា
-មេដាយពីប្រទេស ម៉ុងហ្គោលី
-មេដាយពីប្រទេស ប៉ូឡូញ
-មេដាយពីសហភាព សូវៀត
-គ្រឿងឥស្សរិយយស ជាន់ខ្ពស់នៃប្រទេសហ្វីលីពីន
-គ្រឿងឥស្សរិយយសមាស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ…៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,089 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,092,935 នាក់