ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយរឿងអាស្រូវ របស់ អគ្គនាយក អគ្គនាយករង រដ្ឋាករទឹក ស្វយ័តរាជធានីភ្នំពេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:52 ព្រឹក អ្នកអាន 3263

ភ្នំពេញ៖ថ្នីនេះបណ្ដាញសារព័ត៌មានបានធ្វើការចុះផ្សាយពីភាពមិនប្រក្រតី របស់លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងអគ្គនាយករងឈ្មោះ ឡុង ណារ៉ូ ដែលឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

បើតាមព័ត៌មានបានផ្សាយថាថ្មីៗនេះមន្ត្រីរាជការនៅក្នុងអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានបើកកកាយជាសាធារណៈនូវរឿងអាស្រូវរបស់លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងអគ្គនាយករងឈ្មោះ ឡុង ណារ៉ូ ដែលឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពបានឲ្យដឹងថា ការអនុវត្តន៍ទៅលើគម្រោងស្ដារនិងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands Projects (VCGP) ពោរពេញទៅដោយភាពមិនប្រក្រតី ព្រោះលោក ស៊ីម ស៊ីថា និងលោក ឡុង ណារ៉ូ ប្រើល្បិចយ៉ាងរលូន។
ប្រភពដែលស្និទ្ធនឹងលោក ស៊ីម ស៊ីថា បានបង្ហើបឲ្យដឹងថា ការដែលលោក ស៊ីម ស៊ីថា ព្រមទាំងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺអាចមានការឃុបឃិតបើកដៃពីសំណាក់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

មន្ត្រីរាជការក្នុងអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ដារនិងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន VCGP ដែលមានទឹកប្រាក់ ២៣,៥៦លានដុល្លារ ប្រើរយៈពេលសាងសង់២៤ខែដោយចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅក្នុងអំឡុងខែវិច្ឆកា ឆ្នាំ២០១៩នេះ។ ប៉ុន្តែចាប់តាំងពីក្រុមហ៊ុន VCGP មកពីប្រទេសបារាំង ទទួលបានគម្រោងខាងលើ គឺមិនឃើញក្រុមហ៊ុនមួយនេះបញ្ជូនសម្ភារៈឬគ្រឿងចក្រមកអនុវត្តន៍ការងារឡើយ ផ្ទុយទៅវិញឃើញតែក្រុមការងារដឹកនាំដោយលោក ឡុង ណារ៉ូ អគ្គនាយករងរដ្ឋាករទឹករាជធានីភ្នំពេញ ជាអ្នកធ្វើការងារនេះ។ មានន័យថាការប្រគល់គម្រោងស្ដារឡើងវិញនិងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ទៅឲ្យក្រុមហ៊ុន VCGP គ្រាន់តែជារូបភាពបំភ័ន្តភ្នែករបស់ថ្នាក់ដឹកនាំរដ្ឋាករទឹករាជធានីភ្នំពេញ ប៉ុណ្ណោះ។ ការពិតលោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងលោក ឡុង ណារ៉ូ ដែលជាអគ្គនាយករង គឺជាអ្នកអនុវត្តន៍ការងារនោះដោយខ្លួនឯង។

ប្រភពពីមន្ត្រីនៅក្នុងអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងអង្គភាពនេះជាមួយក្រុមហ៊ុន VCGP គឺមានការឃុបឃិតគ្នារួចជាស្រេច ហើយក្រុមហ៊ុន VCGP គ្រាន់តែជាអ្នកចេញមុខជំនួសថ្នាក់ដឹកនាំអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ហើយចាំទទួលកម្រៃដោយគ្មានចំណាយដើមទុន។

ប្រភពស្និទ្ធនឹងលោក ឡុង ណារ៉ូ បានឲ្យដឹងថា ជាក់ស្ដែងលោក ឡុង ណារ៉ូ ជាអ្នកគ្រប់គ្រងលើការងារបច្ចេកទេសសាងសង់ ដោយយកឈ្មោះក្រុមហ៊ុននោះមកធ្វើជារបាំងដើម្បីបំភ័ន្តភ្នែកថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ភាពមិនប្រក្រតីនៃការអនុវត្តន៍គម្រោងស្ដារនិងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន គឺអាចមានបង្កប់នូវអំពើពុករលួយយ៉ាងពេញបន្ទុក ដូច្នេះថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមិនគួរមើលរំលងបញ្ហានេះឡើយ ហើយត្រូវបើកការស៊ើបអង្កេតឡើងវិញឲ្យបានច្បាស់លាស់ផងដែរ។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នៅឡើយទេ ប៉ុន្តែអគ្គនាយករងឈ្មោះ ឡុង ណារ៉ូ បានបញ្ជាក់ថារឿងនេះមិនពិតនោះទេ ហើយលោកបានឲ្យ អង្គភាពសៀមរាបប៉ុស្ដិ៍ ជួបថ្នាក់ដឹកនាំរបស់លោក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,171 នាក់
ម្សិលមិញ : 24,064 នាក់
សរុប : 80,582,645 នាក់