ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទង្វើមិនប្រក្រតី របស់មេប៉ូលិស អន្តោប្រវេសន៍ប៉ោយប៉ែត នៅតែបន្តលាតត្រដាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 07:48 ព្រឹក អ្នកអាន 696

 ភ្នំពេញ៖មានការលើកឡើងថាភាពមិនប្រក្រតីរបស់លោកខឹម ចិត្រា មេប៉ូលិស អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែបន្តលាតត្រដាងជាបន្តបន្ទាប់ បើទោះបីថ្នាក់លើការធ្លាប់មានការកោះហៅបំភ្លឺយ៉ាងណាក៏ដោយ។

ក្រោយពេលថ្នាក់លើបានកោះហៅ លោកខឹម ចិត្រា ដើម្បីបំភ្លឺជុំវិញភាពមិនប្រក្រតីលើការងារ ដែលកន្លងទៅ ប្រជាពលរដ្ឋ សម្ដែងនូវការប្រតិកម្ម មិនសប្បាយចិត្តចំពោះទង្វើលោកខឹម ចិត្រា ដែលបានឲ្យកូនចៅយកលុយពីពួកគាត់លើសពីគោលការណ៍ ដែលទង្វើបែបនេះអាចជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវមើលរំលងនោះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ជាច្រើនបានផ្សាយលាតត្រដាងរឿងអាស្រូវរបស់លោកខឹម ចិត្រា មេប៉ូលិសច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអាចជាមូលដ្ឋានមួយសំរាប់អង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតរកអំពើពុករលួយ។

តាមប្រភពព័ត៌មានទម្លាយថា លោកខឹម ចិត្រា នៅតែបានប្រើកូនចៅក្រោមបង្គាប់ឲ្យយកលុយពីបងប្អូនពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងពេញបន្ទុកដដែលដោយគ្មានញញើតអ្វីទាំងអស់។

ករណីភាពមិនប្រក្រតីរបស់លោក ខឹម ចិត្រា មេនគរបាលប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានដូចជា៖
១-យកលុយពីពលរដ្ឋក្នុងម្នាក់ៗ៥០បាត(លុយថៃ)ឬស្មើនិង៧ពាន់រៀលក្នុងការប្រថាប់ត្រាលើប័ណ្ណព្រំដែនចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។
២-ធ្វើលិខិតបញ្ចាក់មួយសន្លឹកតម្លៃ២០០បាតនិង៥០០បាតផ្សេងទៀតសម្រាប់ថតកាតចូលប្រទេសថៃ ។
៣-ធ្វើលិខិតបញ្ជាក់មួយសន្លឹកតម្លៃ២០០បាតនិង៤០០បាតផ្សេងទៀតសម្រាប់ថតកាតចូលទៅដីថៃចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្តក្រៅពីក្រុងប៉ោយប៉ែត។
៤-យកលុយ៣០០បាតក្នុងមួយខែពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។
៥-យកលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាតក្នុង១ខែ។
៦-យកលុយពីអ្នកលក់ចំណីអាហារតាមរទេះរុញម្នាក់ក្នុង១ខែចាប់ពី១៥០០-២០០០បាតរហូតដល់៦០០០បាត ។
ចំណុចទី៥និងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្តិ៍ ជាអ្នកក្ដោបក្តាប់សេដ្ឋកិច្ចផ្ទាល់ខ្លួន។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការត្រួតពិនិត្យស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើមន្ត្រីដឹកនាំគ្រប់ស្ថាប័ន ដើម្បីធ្វើការវះកាត់ តាមអភិក្រមទី៥របស់រាជរដ្ឋាភិបាល។

ដូច្នេះលោកវរសេនីយ៍ទោខឹម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារតំបន់ ជ្រៃធំ ជាប់ព្រំដែនវៀតណាម ក្នុងស្រុកកោះធំ ខេតកណ្តាល ដែលត្រូវបានផ្ទេរមកធ្វើជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាចគេចមិនផុតពីការបើកការស៊ើបអង្កេតពីអង្គភាពប្រឆាំងអំពើពុករលួយ នោះឡើយ។
អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកខឹម ចិត្រា នៅឡើយទេជុំវិញការរិះគន់នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,132 នាក់
ម្សិលមិញ : 24,064 នាក់
សរុប : 80,582,606 នាក់