ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សំរាមគរដូចភ្នំ នៅកណ្តាល ក្រុងសៀមរាប មន្ត្រីហាក់ឆ្លើយ រុញដាក់គ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 08:18 ព្រឹក អ្នកអាន 1799

ខេត្តសៀមរាប៖ដីទំនេរមួយកន្លែងទល់មុខសណ្ឋាគារ បុរីអង្គរសៀមរាប កំពុងក្លាយជាទីតាំងចោលសំរាមយ៉ាងអាណាធិបតេយ្យបំផុត។សំរាមទាំងនោះបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ស្ទើរក្លាយទៅជាភ្នំសំរាមហើយ តែទាន់មិនមានអាជ្ញារធរពាក់ព័ន្ធ ធ្វើការសំអាតនោះឡើយ បានត្រឹមតែឆ្លើយរុញដាក់គ្នាទៅវិញទៅមក។

ទីតាំងសំរាមនេះ ស្ថិតក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាបខាងលិចផ្សារសាមគ្គី តាមផ្លូវចូលសណ្ឋាគារលីន រតនៈអង្គរ។
ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានប្រាប់អ្នកសារព័ត៌មាន ថា សំរាមទាំងនេះកើនឡើងយ៉ាងខ្លាំងរាល់ថ្ងៃ គរជាគំនរដ៏ធំគួរឱ្យព្រួយបារម្ភបំផុតដោយសារតែ ពុំមានការហាមឃាត់ ពីមន្ត្រី។

សាលាសង្កាត់ស្លក្រាម បកស្រាយ ថា ចំពោះបញ្ហាខាងលើលោកបានដឹងហើយ ដោយសារតែទីតាំងនោះនៅម្ខាងរបងស៊ីម៉ង់ ទើខាងមន្ត្រីភូមិនិងសង្កាត់មិនអាចដឹង។ លោកមិននឹកស្មានសោះថា បែរជាមានសំរាមច្រើនដូចនេះ។

លោកចៅសង្កាត់បានបន្តថា សាលាសង្កាត់កំពុងតែចាត់វិធានការបន្ទាន់ហើយជាមួយសាលាក្រុងសៀមរាប ក៏ដូចជាមន្ទីបរិស្ថានខេត្តសៀមរាប ដោយការដាក់កម្លាំងសង្កេតមើលអ្នកដែលតែងតែចោលសំរាមទាំងនោះ។គឺកម្លាំងប្រជាការពារ និងម្ចាស់ផ្សារសាមគ្គីបានសហការគ្នា ដើម្បីដោះស្រាយហើយ។

អភិបាលរងក្រុងសៀមរាប លោក ម៉េង ទ្រី បានប្រាប់មកាន់អ្នកសារព័ត៌មានថា លោកមិនបានដឹងសោះថាសំរាមទាំងនេះបែរជាច្រើនដល់ថ្នាក់នេះ ហើយនៅចំកណ្ដាលទីក្រុងទៅវិញ។

លោកថា លោកក៏បានចាត់វិធានការ ដោយសហការជាមួយមន្ត្រី ភូមិស្លក្រាម និងលោកចៅសង្កាត់ស្លក្រាមឱ្យធ្វើយ៉ាងឆាប់ដោះស្រាយ បញ្ហាខាងលើ ឱ្យបានល្អ។ លោកថានឹងប្រជុំពិភាក្សាជាមួយ ម្ចាស់ផ្សាររួមគ្នាដោះស្រាយកុំឱ្យមានការចោលបែបនេះទៀត៕
ចំណែកម្ចាស់ផ្សារសាមគ្គីវិញក៏បានប្រាប់ថា លោកគាំទ្រជានិច្ចចំពោះចំណាត់ការភូមិ សង្កាត់ និងក្រុងដើម្បីដោះស្រាយ។
លោកក៏សុំទោសផងដែរ ចំពោះបញ្ហាខាងលើ លោកពិតជាមិនបានដឹងថា មានការចោលសំរាមបែបនេះ។

លោកបានបន្ថែមថា ផ្សារមានទីតាំងចោលសំរាមនៅខាងក្រោយផ្សារស្រាប់ តែបែរជាមិនអាចគ្រប់គ្រងបានទៅវិញ លោកមិនដឹងថាអ្នកណាអ្នកចោលសំរាមទេ។តែក្រោយពេលខាងភូមិនិងសង្កាត់ចុះមកដល់ប្រាប់ទើបទៅមើលទីតាំងនោះ ឃើញថាពិតជាមានសំរាមច្រើនពិតមែន។ បច្ចុប្បន្នផ្សារសហការជាមួយកម្លាំងភូមិនិងសង្កាត់ដើម្បីដោះស្រាយ និងផាក់ពិន័យជនណាដែលចោលសំរាមនៅចំណុចខាងលើ៕SRអត្ថបទព័ត៌មានដោយ អេម រដ្ឋា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,472 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,110 នាក់