ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រីឡាវ៖ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសអគារខ្ពស់ៗ បានរីកស្គុះស្គាយ ហើយជីវភាពប្រជាពលរដ្ឋ ក៏មានភាពល្អប្រសើរឡើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 04:18 ល្ងាច អ្នកអាន 317

នៅព្រឹកមិញនេះដែរ បន្ទាប់ពីបានជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថ្មី ប្រចាំនៅកម្ពុជារួចហើយ សម្តេច ហ៊ុន សែន បានអញ្ជើញជួប សម្តែងការគួរសម និងពិភាក្សាការងារ បន្តជាមួយលោក សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព។

លោកបានគោរពជម្រាបជូនសម្ដេច ថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍកម្ពុជា ដើម្បីយកទៅអនុវត្តនៅប្រទេសឡាវ។

លោកក៏បានជម្រាបជូននាយករដ្ឋមន្ត្រីផងដែរ នូវអ្វីដែលជាការកត់សម្គាល់របស់លោកនោះគឺព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសអគារខ្ពស់ៗបានរីកស្គុះស្គាយ ហើយជីវភាពប្រជាពលរដ្ឋក៏មានភាពល្អប្រសើរឡើង ។

លោកក៏បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់វិនិយោគគិនឡាវនៅកម្ពុជា ជាពិសេស ធនាគារឡាវ BIC ក៏ដូចជាអ្នកវិនិយោគផ្សេងៗ និងការគាំទ្រដល់ការទិញថាមពលអគ្គិសនីពីប្រទេសឡាវផងដែរ។

ជាការឆ្លើយតប សម្ដេចហ៊ុន សែន បានមានប្រសាសន៍ធ្វើការណែនាំថាករណីវិស័យ ធនាគារ ដើម្បីអោយទទួលបាននូវភាពជោគជ័យនោះ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់ការផ្ដល់កម្ចីដល់វិស័យឧស្សាហកម្ម និងសិប្បកម្ម។

ពាក់ព័ន្ធនឹងវិស័យថាមពលវិញ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីឡាវផងដែរ ដែលឆ្នាំនេះបានលក់ថាមពលអគ្គិសនីឲ្យប្រទេសកម្ពុជាយើងបានចំនួន ១៨ មេហ្គាវ៉ាត់ ដែលថាមពលអគ្គិសនីនេះកំពុងតែប្រើប្រាស់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាផ្តល់នូវអនុសាសន៍ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងឡាវគប្បីណាជំរុញឲ្យមានការរីកចម្រើនកាន់តែធំថែមទៀត ជាពិសេសវិស័យទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចផង។

លើសពីនោះទៀត ក៏មិនត្រូវកាត់ផ្ដាច់ពីវិស័យថាមពលផងដែរ ដោយ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងគប្បីណាលើកយកវិស័យថាមពលជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាមួយគ្នានេះផងដែរទាក់ទងនឹងទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ គប្បីណាដាក់បញ្ជូលទៅលើផ្នែក ការទិញ-លក់ នៃវិស័យថាមអគ្គិសនីនេះផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,691 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,329 នាក់