ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជា ថា បើឃើញ ការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត ត្រូវចាប់ឃាត់ភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 02:19 ល្ងាច អ្នកអាន 953

ខេត្តព្រះវិហារ៖អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នៅព្រឹកមិញនេះ បានដាក់បទបញ្ជាដល់សមត្ថកិច្ចនៅតាមដងផ្លូវ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ ពេលត្រួតពិនិត្យឃើញមាន ការដឹកជញ្ជូនធនធានធម្មជាតិ ដោយគ្មានច្បាប់អនុញ្ញាត គឺត្រូវចាប់ឃាត់ទុកភ្លាមៗ ដោយគ្មានការលើកលែងឡើយ។

ការដាក់បទបញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉ន មុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថ ដល់នាយ-នាយរងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ដោយមានការចូលរួម ពីលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺរយៈពេល៣ខែ បើទោះបីជាការដឹកជញ្ជូនដោយខុសច្បាប់ មានការស្ងប់ស្ងាត់ ក៏ដោយគឺអត់ដកទេ បើសិនថាអស់ហើយ យើងអាចប្រគល់ ឲ្យគណៈបញ្ជាការឯកភាពស្រុកទទួលខុសត្រូវ បើសិនរឿងនេះ ងើបឡើងវិញត្រូវដាក់កម្លាំងនេះតទៅទៀត។ លោកបន្តថា ស្របពេលដែលជំនាញកំពុងធ្វើការ អាវុធហត្ថរបស់យើងត្រូវត្រៀម នៅពេលមានការសុំអន្តរាគមន៍ណាមួយ ដើម្បីប្រដេញនៅពេលជនល្មើសបើកគេច។

លោកបានថ្លែងថា បញ្ហាបង្រ្កាបបទល្មើលធនធានធម្មជាតិ គឺយើងបានធ្វើច្រើនហើយ ប៉ុន្តែក្រុមឈ្មួញនៅតែមានកលល្បិច ក្នុងការដឹកជញ្ជូនដោយខុសច្បាប់ជាប្រចាំ។ ទន្ទឹមនឹងនោះ លោកបានដាក់បទបញ្ជា ដល់គោលដៅត្រួតពិនិត្យទាំង៥កន្លែង នៅតាមផ្លូវជាតិ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឈរជើង ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ បើត្រួតពិនិត្យឃើញថា មានការដឹកជញ្ជូន ធនធានធម្មជាតិដោយខុសច្បាប់ គឺត្រូវឃាត់ទុកភ្លាម ហើយចងក្រងតាមនិតិវិធីបញ្ជូនទៅតុលាការ អត់មានឲ្យអន្តរាគមន៍ណាមួយទេ ហើយកម្លាំងនេះ មិនមែនដាក់ឲ្យតែល្អមើលទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 175,252 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,705,358 នាក់