ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈាមស្រែកស្បែកហៅ ចាប់ខ្លួន២នាក់ ករណីបបួលមិត្តភ័ក្រ្ត មកផឹកស៊ីដល់ផ្ទះ រួចសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 09:09 ព្រឹក អ្នកអាន 3050

ខេត្តបាត់ដំបង៖ដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹក នាំកម្លាំងនគរបាលក្នុងផែនសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត បានធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនបានជន សង្ស័យចំនួន២នាក់ភេទប្រុស ដែលជាជនដៃដល់ក្នុងករណី សម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក ទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី ៥ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ ថាកាលពីព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុម ទី១២ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះ ឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបាន រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។
លោកបានបន្តថាឆ្លងតាមរយៈការពិនិត្យធ្វើកោសល្យវិច័យ លើ សាកសព និងស្រាវជ្រាវជំហ៊ានដំបូងទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន មុខរបរ មិនពិតប្រាដក និងមានស្លាកស្នាមរបួស នៅផ្នែកក្បាលដោយអន្លើផង។ ជាមួយនឹងការ បាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួន ដូចជាម៉ូតូ និងទូរសព្ទផង ដែលជារបស់ជនរងគ្រោះក៏ត្រូវបាត់បង់ ចាប់ ផ្តើមពីចំណុចនេះ បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់រហូតកំណត់ បាននូវមុខសញ្ញាសង្ស័យ ក្នុងករណីនេះ ។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សីបានបញ្ជាក់ថា ក្រោយពេលធ្វើ ការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ធក្នុងករណី នេះលោកបានសហការណ៍ធ្វើការ ស្រាវជ្រាវលើ ភូមិសាស្រ្តស្រុកចំនួន៤គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តម សេនីយ៍ត្រី ជេត វណ្ណនី រហូតដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ម្សិលមិញ ជនសង្ស័យត្រូវបានឃាត់ ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួក គេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួចមក ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំង២នាក់នោះគឺ៖
១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង
២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩ ក្នុងពេលបបួលមកផឹកស៊ីដើម្បីប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន ដោយប្រើប្រាស់ញញួរនិងដែកវាយក្បាលសម្លាប់ ហើយសែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុមុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាន។
ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចនគរ បាលដកហូតបាន៖(ម៉ូតូចំនួន១គ្រឿង ដែល ជារបស់ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៦ ទូរសព្ទដៃម៉ាកសាំសុងចំនួន២គ្រឿង បន្ទះស្លាកលេខម៉ូតូចំនួន១មានលេខ បាត់ដំបង 1X-1539 ព្រមទាំងញញួរ ដែកនិងកាំបិតផង។
បច្ចុប្បន្នសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,115 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,816 នាក់