ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ជួបពិភាក្សា ជាមួយគណៈប្រតិភូ ប្រធានវិទ្យាស្ថាន អាស៊ីប៉ាស៊ីហ្វិក សម្រាប់ អភិវឌ្ឍការផ្សព្វផ្សាយ(AIBD)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 02:02 ល្ងាច អ្នកអាន 474

នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៩ព្រឹកមិញនេះ មុននឹងអញ្ជើញបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាបនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោក Fayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD)។

ក្នុងជំនួបនោះ លោក Fayyar Sheheryar បានគោរសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាដែលកំពុងតែមានការរីកចម្រើនលូតលាស់ និងជាទីចាប់អារម្មណ៍។

លោកក៏បានគោរពជម្រាបជូនសម្តេចតេថា លោកពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំប្រតិភូនៃវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) មកជួបសម្តែងការគួរសមជាមួយសម្ដេច នាពេលនេះ ជាពិសេសនៅក្នុងទីក្រុងសៀមរាបដែលជាទឹកដីអង្គរដ៏បវររុងរឿងរបស់កម្ពុជា។

លោកបានគោរពជម្រាបជូន នាយករដ្ឋមន្ត្រីថា វត្តមានរបស់លោកនិងសមាជិករបស់លោកក្នុងសន្និសីទនេះគឺដើម្បីធ្វើការចែករំលែកនូវចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមកផង ដើម្បីបម្រើប្រជាជនទូទាំងពិភពលោកជាពិសេសនៅក្នុងតំបន់ឲ្យបានទទួលនូវព័ត៌មានតាមវិជ្ជាជីវៈ។

លោកក៏បានគោរពជម្រាបជូនសម្ដេចផងដែរថា ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្ដូរការវិវឌ្ឍនៃបច្ចេកវិទ្យានេះ យើងគប្បីណាសហការរួមគ្នាជំរុញវឌ្ឍនភាពលើការផ្សព្វផ្សាយនេះឲ្យស្របទៅតាមការវិវឌ្ឍរបស់បច្ចេកវិទ្យា ជាពិសេសធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយនេះមានភាពជាវិជ្ជមាន។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) ដែលបានមកចូលរួមក្នុងសន្និសីទ នៅខេត្តសៀមរាបនាពេលនេះ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនប្រតិភូថា កម្ពុជាកំពុងតែធ្វើការផ្លាស់ប្ដូរអំពីការផ្សព្វផ្សាយពីអាណាឡុក (Analog) ទៅជាឌីជីថល(Digital) ដោយនឹងត្រូវបញ្ចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ ហើយទូរទស្សន៍ជាតិកម្ពុជាក៏មានការប្រើប្រាស់ពីអាណូឡូកទៅជាឌីជីថលហើយផងដែរ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូ ផងដែរថា ការផ្លាស់ប្ដូរការវិវឌ្ឍខាងបច្ចេកវិទ្យានេះ គឺជារឿងមួយ ប៉ុន្តែការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍ខ្លឹមសារនៃការផ្សព្វផ្សាយគឺជារឿងមួយទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានដែលមិនពិត។

ទាក់ទិននឹងចំណុចនេះ នាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ថា ទន្ទឹមនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យាដ៏វិជ្ជមាននេះ យើងគប្បីណាជំរុញ និងរៀបចំធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍលើការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពវិជ្ជមានផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,938 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,639 នាក់