ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ របស់ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប ត្រូវបានបែកធ្លាយ ជាបន្តបន្ទាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:02 ល្ងាច អ្នកអាន 4641

ភ្នំពេញ៖រឿងអាស្រូវរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ក្នុងការឃុបឃិតឲ្យឈ្មួញជីករណ្ដៅដីខុសបទដ្ឋានបច្ចេកទេសក្នុងក្រុងសៀមរាប និងបណ្ដាស្រុកនានានៅខេត្តសៀមរាប ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។

ប្រភពបានឲ្យដឹងថាលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប គិតតែពីរឿងផលប្រយោជន៍យកធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ទំនងដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារពីក្រោយ។

ជាក់ស្ដែងឈ្មួញឈ្មោះ តាតេះ បានជីករណ្ដៅដីទំហំធំនិងមានជម្រៅនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឈ្មួញមួយចំនួនទៀតនៅខាងលិចក្រុងសៀមរាប ហើយដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មយ៉ាងរលូន ព្រោះឈ្មួញទាំងនោះ អាចជាប្រភពចំណូលដ៏សំខាន់របស់លោក មាស ជូរ៉ានី និងបក្ខពួក។

មន្ត្រីមួយចំនួនក៏ដូចជាលោក មាស ជូរ៉ានី ព្រមទាំងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្ត ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាអាចជាអ្នកឃុបឃិតឲ្យថៅកែរណ្ដៅដី នៅក្នុងខេត្តសៀមរាប ធ្វើអ្វីៗស្រេចតែអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។

តាមការកត់សម្គាល់របស់មជ្ឍដ្ឋាននានានៅខេត្តសៀមរាប បានឲ្យដឹងថា តាំងពីលោក មាស ជូរ៉ានី ទទួលបានតំណែងជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ច្រើនឆ្នាំកន្លងទៅនេះគឺលោក មាស ជូរ៉ានី អាចប្រមូលលុយពីក្រុមឈ្មួញធ្វើអាជីវកម្មរណ្ដៅដីយ៉ាងសុខស្រួល។

ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្ននៅស្រុកប្រាសាទបាគង និងក្រុងសៀមរាប ក៏ដូចជាតាមបណ្ដាស្រុកមួយចំនួនទៀតឈ្មួញធ្វើអាជីវកម្មរណ្ដៅដីទំហំធំៗនិងមានជម្រៅជ្រៅៗខុសពីច្បាប់អនុញ្ញាត ហើយលោក មាស ជូរ៉ានី មិនចាត់វិធានការទប់ស្កាត់ឡើយ បើទោះបីរណ្ដៅដីខ្លះប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏ដោយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ បានអំពាវនាវយ៉ាងទទូចដល់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក មាស ជូរ៉ានី ខ្លះផង។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកមាស ជូរ៉ានី បាននៅឡើយទេ ជុំវិញការរិះគន់នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,370 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,357 នាក់