ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះ នាយករដ្ឋមន្ត្រី អញ្ជើញបំពេញ ទស្សនកិច្ច នៅប្រទេសហុងគ្រី និងចូលរួមសន្និសីទ កំពូល CICA នៅប្រទេសតាគីជីស្ថាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 08:58 ព្រឹក អ្នកអាន 587

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រីលើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមវត្តមាននាយករដ្ឋមន្ត្រីហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។

ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា ហើយនោះ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។

នៅក្នុងសន្នសីទកំពូលនេះ នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។

ក្រៅពីកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្សេងទៀតផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,755 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,456 នាក់