ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មិត្តអ្នកអាន៖ ផ្លូវនៅតំបន់ ផ្សារចាស់.ផ្សាររាត្រី ផាប់ស្ទ្រីត ក្រុងសៀមរាប នៅតែអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 01:23 ល្ងាច អ្នកអាន 2829

ខេត្តសៀមរាប៖ផ្លូវមួយចំនួននៅតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងជាកន្លែងប្រមូលផ្ដុំទៅដោយភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងកំសាន្ត យ៉ាងសប្បាយនោះ នៅតែមានការតាំងលក់ដូរ របស់អាជីវករ យ៉ាងអនាធិបតេយ្យ ដដែល បើទោះបីជាមានការខិតខំប្រឹងប្រែង រៀបចំសណ្ដាប់ធ្នាប់ពីអាជ្ញាធរ សមត្ថកិច្ចខ្លះក៏ដោយ។

ការដែលក្រុមអាជីវក នៅតែអាចយកចំណីរផ្លូវសារធារណះ ដើម្បីតាំងលក់ដូរ បានរលូនបែបនេះ មជ្ឍដ្ឋានានាមើលឃើញថា ទំនងមានការបើកដៃពីនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការខេត្តសៀមរាប ទើបក្រុមអាជីវក លក់ដូរលើផ្លូវសាធារណះបានដោយមិនញញើតនឹងការរៀបចំរបស់មន្ត្រី។

យោងតាមប្រភពបានរាយការណ៍ថា នៅមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនិងប្លុកផ្សារចាស់ និងមាត់ស្ទឹងសៀមរាប ត្រូវបានមហាជនលើកឡើងថា ផ្លូវរួមតូចចង្អៀតដោយសាររ៉ឺម៉កម៉ូតូ,អ្នកលក់មីឆា និងរថយន្ត ជាច្រើនគ្រឿងបានចតរញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់។ ទង្វើបែបនេះគេបានដាក់ការសង្ស័យថា សមត្ថកិច្ចខាងសណ្តាប់ធ្នាប់ខេត្តសៀមរាប ជាអ្នកឃុបឃិតឲ្យមានការចតនៅលើចិញ្វើមផ្លូវទាំងនោះជាថ្នូរនិងផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពបានឲ្យដឹងថា ក្នុង១រ៉ឺម៉កលក់មីឆា លតឆា បាយឆា ត្រូវបង់លុយឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ចំនួន២០ដុល្លារ។ដោយរ៉ឺម៉កនៅម្តុំផ្សារចាស់ គេឃើញមានរាប់សិបគ្រឿងនិងតូបលក់លើចិញ្ចើមផ្លូវជាច្រើនទៀត យ៉ាងអនាធិបតេយ្យពេញបន្ទុក។ ដូច្នេះនគរបាលសណ្ដាប់ធ្នាប់ ខេត្តសៀមរាប អាចប្រមូលលុយពីអាជីវករ លក់ដូរ ខាងលើ ធ្វើមានធ្វើបានយ៉ាងសុខស្រួល ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីទាំងអស់។

មហាជនបានលើកឡើងថា សកម្មភាពបណ្តែតបណ្តោយឲ្យមានការលក់ដូរ នៅលើផ្លូវយ៉ាងច្រើនបែបនេះ បណ្ដាលឲ្យមានការស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ ប៉ុន្តែករណីបែបនេះ យូៗគេឃើញ នគរបាលសណ្ដាប់ធ្នាប់ខេត្តសៀមរាប ចុះទៅរៀបចំដេញកុំឲ្យមានការលក់ដូរ ម្ដងម្កាល ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើ។

ជុំវិញការរិះគន់យ៉ាងចាស់ដៃនេះ លោកលោកស៊ុនចំណាន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា ការលក់ដូរតាមផ្លូវសាធារណៈ នៅម្តុំផ្សារចាស់និងផ្សាររាត្រី គឺជាគោលការណ៍របស់ខេត្ត។ ហើយខាងកម្លាំងគ្រាន់តែចុះរៀបចំតាមគោលការណ៍របស់សាលាខេត្តតែប៉ុណ្ណោះ។លោកថា ហ្នឹងគឺយើងមានផែនទីចត ថ្ងៃសេសនិងថ្ងៃគូរ។

លោកស៊ុនចំណាន បានបដិសេធថា មិនមានយកលុយពីអ្នកលក់ដូរតាមផ្លូវជាប្រចាំខែរឬប្រចាំថ្ងៃនោះទេ។ ព្រោះនេះជាគោលការណ៍របស់ខេត្ត។ លោកបញ្ជាក់ថា ហ្នឹងតាមការពិត យើងសម្រេចឲ្យពួកគាត់លក់តាំងពីចុងឆ្នាំ២០១៧មកម្លេះ។ ហើយបច្ចុប្បន្ននេះខេត្តហ្នឹងរៀបចំបណ្តើរៗឲ្យមានការចតរ៉ឺម៉កលក់ដូរទាំងនោះ ឲ្យបានត្រឹមត្រូវបន្តិច។

បើទោះបីជាមន្ត្រីនគរបាលរូបនេះ បដិសេធ ថាមិនមានការយកលុយ ពីក្រុមអាជីវក យ៉ាណាក៏ដោយ។ ប៉ុន្តែមជ្ឍដ្ឋាននានា មើលឃើញថា បើសិនជាមិនមានការយកលុយពីក្រុមអាជីវករ លក់ដូរ ទាំងនោះទេ ក្រុមលក់ដូរទាំងនោះ មិនអាចតាំងលក់បានងាយស្រួលបែបនេះឡើយ៕SRពីមិត្តអ្នកអាន

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,349 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,124,195 នាក់