ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដីព្រៃលិចទឹក ជាច្រើនហិកតា នៅខេត្តសៀមរាប រងការបំផ្លាញ ពីឈ្មួញយ៉ាងរាលដាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 04:15 ល្ងាច អ្នកអាន 2354

ខេត្តសៀមរាប៖ក្រុមឈ្មួញបានកំពុងធ្វើការឈូសឆាយព្រៃលិចទឹក ដែលជាដែនជម្រកត្រីពងកូន នៅក្នុងភូមិភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អស់ជាច្រើន ហិកតា ដើម្បីយកអាចម៍ដី ទៅលក់ឲ្យអាជីវកម្មផ្សេងៗនិងកាន់កាប់យ៉ាងអនាធិបតេយ្យរាលដាលបំផុត។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីនេះទំនងជាមានការឃុបឃិតគ្នារវាងអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងការបើកដៃឲ្យឈ្មូញ ដែលមានលុយនិងមានអំណាច ធ្វើការឈូសឆាយ ជីកកាយដីព្រៃលិចទឹក ទាំងនោះដើម្បីទាញយកផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនខ្វល់អ្វីទាំងអស់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិល្អក់ សូមអំពាវនាវឲ្យស្ថាប័នជំនាញជាប់ពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍អំពីបញ្ហាខាងលើផង ព្រោះថាព្រៃលិចទឹកគឺជាចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារនិងផ្តល់ជីវចម្រុះ ពិសេសព្រៃលិចទឹកជាតំបន់សម្រាប់មច្ចាជាតិ ធ្វើការពងកូនផងដែរ។
ជុំវិញករណីនេះដែរ អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោកស្រីមិល សុគង្គា មេឃុំកណ្តែក លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និងមន្ទីរពាក់ព័ន្ធបាននៅឡើយទេនៅរសៀលថ្ងៃនេះ។

គួបញ្ជាក់ថាកាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានអះអាងថា៖ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ០៣ឆ្នាំទៅ ០៥ឆ្នាំ ឬពី ០៥ឆ្នាំទៅ ១០ឆ្នាំ។

ដូច្នេះចាំមើល តើអាជ្ញាធរមន្ទីរពាក់ព័ន្ធខេត្តសៀមរាប អាចមានវិធានការទប់ស្កាត់និងវែកមុខជនដែលបានឈូសឆាយដីព្រៃលិចទឹកនៅចំណុចខាងលើ យកមកផ្ដន្ទាទោស បានដែរឬយ៉ាងណា? ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,913 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,124,759 នាក់