ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ចុះពិនិត្យ ទីតាំងអគារ សំណង់៧ជាន់ ដែលបានបាក់រលំ សម្លាប់មនុស្ស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 07:02 ព្រឹក អ្នកអាន 1465

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅយប់មិញនេះបានចុះពិនិត្យដោយផ្ទាល់នូវទីតាំងកន្លែងអគារសំណង់៧ជាន់ ដែលបានបាក់រលំ បណ្ដាលឲ្យកម្មករ ជាច្រើននាក់ស្លាប់និងរបួស។
នៅម៉ោងប្រមាណ ៣:៣០យប់ ឆ្លងចូលថ្ងៃទី ២៤ មិថុនា នាយករដ្ឋមន្រ្តី បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអាគារ៧ជាន់នៅខេត្តព្រះសីហនុទាំងយប់ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃម្សិលមិញ។ ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។
ក្នុងនាមនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ។
គួបញ្ជាក់ថារហូតមកដល់ព្រឹកនេះក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ម៉ោង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ២ នាក់ទៀតដែលជាអ្នកខេត្តព្រៃវែងនៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៨នាក់ក្នុងនោះស្លាប់ចំនួន ២៤នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,672 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,800,226 នាក់