ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច៖ គ្រួសារសពនីមួយៗ នឹងទទួលបានរវាងពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ អ្នកសង្គ្រោះចុងក្រោយពីរនាក់ ៣ម៉ឺនដុល្លារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:33 ល្ងាច អ្នកអាន 11930

នៅថ្ងៃទី ២៤ ខែ មិថុនា ដដែលនេះ បន្ទាប់ពីបានជួបកូនក្មួយ២នាក់ដែលនៅមានជីវិតរស់នៅឡើយ ក្រោយពីគាស់គំនរផ្ទាំងបេតុងយកចេញមកបានដោយជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបន្តដំណើរចុះទៅជួបកូនក្មួយដែលបានសង្រ្គោះជីវិតពីគំនរដែកនិងផ្ទាំងបេតុង ដែលបានបាក់ធ្លាក់សង្កត់ពីលើ ដែលកំពុងសម្រាកព្យាបាលនៅក្នុងពេទ្យបង្អែកក្រុងព្រះសីហនុ។

ទន្ទឹមនឹងភាពក្តុកក្តួលនិងខ្លោចផ្សារ សម្តេចតេជោនាយករដ្ឋមន្រ្តី មានក្តីរំភើបក្រៃលែងដែលបានមកឃើញកូនក្មួយមួយចំនួនដែលត្រូវបានសង្រ្គោះយកចេញពីគំនរអគារ៧ជាន់ដែលបានបាក់ធ្លាក់សង្កត់ពីលើកាលពីថ្ងៃទី ២២ មិថុនាកន្លងមកនេះ។ ក្មួយៗមានសំណាង អាយុថ្លៃណាស់ ដែលបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដើរសួរសុខទុក្ខកូនក្មួយដោយផ្ទាល់ម្នាក់ម្តងៗប្រកបដោយការយកចិត្តទុកដាក់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានយកថវិកាដែលទទួលបានពីសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់កូនក្មួយរងបួសទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនដុល្លារអាមេរិក។ ចំពោះកូនក្មួយ២នាក់ដែលបានសង្រ្គោះក្រោយគេរនៅសៀលថ្ងៃនេះ គឺ២នាក់នេះបានទទួលថវិកាឧបត្ថម្ភ ៣ម៉ឺនដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជួយដល់គ្រួសារសព ក៏ដូចជាជួយដល់កូនក្មួយរងរបួសទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។ សម្តេចតេជោ ក៏បានជូនពរដល់កូនក្មួយទាំងអស់ឆាប់ជាបានវិលត្រឡប់ទៅជួបជុំប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារឆាប់ៗខាងមុខ។

សូមបញ្ជាក់ផងដែរថា ដោយចំនួនថវិការឧបត្ថម្ភដែលបានទទួលពីសប្បុរសជននានាមានចំនួនច្រើនគួរសមដែរនោះ គឺក្នុងគ្រួសារសពនីមួយៗនឹងទទួលបានរវាងពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ។ ថវិកាទាំងនេះនឹងបញ្ចូលទៅក្នុងសៀវភៅធនាគារ ហើយនឹងប្រគល់ជូនទៅក្រុមគ្រួសារនៅពេលដ៏ខ្លីខាងមុខនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,052 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,798,606 នាក់