ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយខេត្តបាត់ដំបង បើកដៃឲ្យឈ្មួញ នាំកាកសំណល់ ពីវៀតណាម ឆ្លងទៅប្រទេសថៃ ក្នុង១ថ្ងៃៗ មិនតិចជាង៥០គ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:57 ព្រឹក អ្នកអាន 760

ភ្នំពេញ៖យោងបណ្ដាញសារព័ត៌មានបានផ្សាយថាមេគយខេត្តបាត់ដំបង លោកយូ ហេង បានឃុបឃិតគ្នា ជាមួយមន្ត្រីរបស់ខ្លួន ក្នុងការបើកដៃឲ្យឈ្មួញ នាំកាកសំណល់ ពីវៀតណាម ឆ្លងទៅប្រទេសថៃ ក្នុង១ថ្ងៃៗមិនតិចជាង៥០គ្រឿងននោះឡើយ។
យោងតាមប្រភពច្បាស់ការណ៍បានទម្លាយថាទូទាំង២៥រាជធានី-ខេត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង១គត់ ដែលមានទីផ្សារនាំចេញកាកសំណល់(សំបកកំប៉ុងគ្រីប)ឆ្លងទៅប្រទេសថៃ ដោយសារប្រទេសឌូប៉ៃ ជាប្រទេសបញ្ជាទិញកាកសំណល់សំបកកំប៉ុងនេះ យកទៅកែច្នៃធ្វើជាដែកអ៊ីណុក ខណៈប្រទេសជឿនលឿនខាងលើនេះ មានរោងចក្រផលិតកែច្នៃកាកសំណល់ដ៏ធំ សម្រាប់បន្តនាំចេញទៅប្រទេសជាច្រើនលើសកលលោក ។
ដោយឡែកច្រកដទៃទៀតទាំងច្រកទ្វេរភាគី ច្រកតំបន់ ច្រកអន្តរជាតិ ច្រករបៀង កុំថាខេត្តដទៃ សូម្បីតែក្នុងខេត្តបាត់ដំបងនេះក៏ដោយ ក្រៅពីច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង គឺមិនអាចអនុញ្ញាតអោយនាំកាកសំណល់ពីវៀតណាម ឆ្លងទៅប្រទេសថៃបានឡើយ។

លោក យូ ហេង បានចំណូលពីសកម្មភាពនេះ យ៉ាងច្រើនក្នុង១ថ្ងៃៗ តាមរយៈមេគយច្រកអូរអន្លក់ ជាអ្នកចាត់ចែងកញ្ចប់ ដែលគេទម្លាយថា៖ ក្នុងរថយន្តដឹកកាកសំណល់១គ្រឿង ត្រូវបង់ឲ្យខាងគយតិចបំផុតចាប់ពី៣០០ដុល្លារដល់៥០០ដុល្លារហើយក្នុង១ថ្ងៃមិនតិចជាង៥០រថយន្តនោះឡើយ។

តាមធម្មតាក្នុង១រថយន្តគេផ្ទុកតែ២៧តោន ទៅ៣០តោន ដោយសារខ្លាចមានបញ្ហាខាងស្ថានីយ៍ថ្លឹងរថយន្តតាមដងផ្លូវជាតិរករឿង ។ ដល់ពេលទំនងខាងឈ្មួញគេត្រូវគ្នាជាមួយខាងជញ្ជីង រថយន្តនីមួយៗអាចផ្ទុកចាប់ពី៤៥តោន ទៅ៥០តោន ដែលបង្ហាញពីការព្រួយបារម្ភផ្លូវជាតិ ងាយប្រឈមនឹងបញ្ហាស្រុត ប្រេះ ស្រាំ ខូចដោយសារផ្ទុកលើសទំងន់នេះ។

ការដឹកកាកសំណល់ទៅប្រទេសថៃតាមច្រកអូរអន្លក់នេះ ដោយសារគេបន្លំនិងអេតចាយមានជា៖ ដែក សំបកកំប៉ុង ក្រដាស ដែលប្រមូលទិញក្នុងស្រុក និងដឹកចេញពីដេប៉ូស្របច្បាប់នៅស្រុកខ្មែរ តែធាតុពិតសុទ្ធតែកាកសំណល់(សំបកកំប៉ុងគ្រីប) ដែលលួចនាំចូលពីប្រទេសវៀតណាម តាមច្រកតំបន់ ច្រកទ្វេរភាគី ច្រករបៀង ពីខេត្តតាកែវ ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង។ល។
រត់ការតម្រង់ឆ្លងទៅប្រទេសថៃតាមច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយសារមេច្រក និងមេសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ប្រឹងប្រមូលប្រភពសេដ្ឋកិច្ចនេះ ទាំងបំពានចំពោះការរឹតបន្តឹងរបស់រដ្ឋាភិបាល និងលិខិតលេខ ១៥៥៨/១៨ អ.គ.រ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ របស់ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះហត្ថលេខាដោយ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថា៖ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជម្រាបមក លោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ មានវិធានការ ការពង្រឹង ការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលកាកសំណល់ ប្លាស្ទិក និងកាកសំណល់ផ្សេងៗគ្រប់ប្រភេទ យោងតាមចំណារដ៏ខ្ពង់ខ្ពស់នាយករដ្ឋមន្ត្រីហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិតលេខ១៤០៨ សហវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៣៦ អនក្រ បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងកាកសំណល់រឹង និងលិខិតលេខ ៣៨០ អគរ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភេទកាកសំណល់នេះមានតែឈ្មួញវៀតណាមទេ ដែលដឹងពីទីផ្សារនៅប្រទេសថៃ និងមានក្រុមហ៊ុនជាដៃគូចាំទទួលទិញ ធ្វើយ៉ាងណាឲ្យតែនាំពីវៀតណាមឆ្លងកាត់កម្ពុជា ចូលដល់ទឹកដីថៃ បានតំលៃក្នុង១តោន១០០០ដុល្លារ ឬលើសពីនេះ ប៉ុន្តែឈ្មួញវៀតណាមបានជួលឲ្យឈ្មួញខាងកម្ពុជារត់ការដឹក ចំណាយលើសមត្ថកិច្ច អាជ្ញាធរ ជំនាញក្នុងទឹកដីខ្មែរ ចាប់ពីមាត់ច្រកតាមព្រំដែនវៀតណាម-កម្ពុជា ដល់ច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ចូលដល់ថៃ គឺវៀតណាមហ៊ានអោយតំលៃ ១រថយន្តចាប់ពី២៧០០ដុល្លារ ដល់៣០០០ដុល្លារ តាមរយៈការចចារផ្ទុកត្រឹម ២៧តោន ទៅ៣០តោន។ ផ្ទុយទៅវិញខាងឈ្មួញខ្មែរធានារត់ការដឹកផ្ទុកដល់ ៤៥តោន ដល់៥០តោន ដើម្បីយកសេវាបន្ថែមមករត់ការជាមួយខាងគយច្រកអូរអន្លក់ មេគយសាខាខេត្តបាត់ដំបង គយចល័តតាមខេត្ត និងគយចល័តតាមតំបន់ របស់នាយកដ្ឋាន បង្ការ បង្ក្រាបបទល្មើស នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជុំវិញបញ្ហានេះខាងក្រសួងបរិស្ថានក៏មិនចេញអាជ្ញាប័ណ្ណ ខាងអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអនុញ្ញាត តែខាងគយលោតឆ័ត្រយកលុយពីដឹកបទល្មើសកាកសំណល់នេះដ៏គឃ្លើនបំផុត។

គេសង្ឃឹមថាលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមានវិធានការទប់ស្កាត់ចំពោះបញ្ហានេះ។ ខណៈមានមន្ត្រីគយរបស់គាត់តែម្តងនៅច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នកចេញមុខរត់ការអោយឈ្មួញវៀត ក្នុងនោះប្រធានច្រកឈ្មោះសារឿន ជាអ្នកបើកច្រក ហើយអនុប្រធាន ឈ្មោះរិទ្ធ ជារត់ការអោយឈ្មួញវៀតណាម????
អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោក យូ ហេង នៅឡើយទេ ចំពោះព័ត៌មាន នេះដោយមិនមានលេខទំនាក់ទំនង៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,799 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,124,645 នាក់