ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយ ប្រធានមន្ទីរសេដ្ឋកិច្ច ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 03:30 ល្ងាច អ្នកអាន 2817

ភ្នំពេញ៖យោងតាមបណ្ដាញសារព័ត៌មានបានចុះផ្សាយពីថ្ងៃទី១ខែកក្កដាម្សិលមិញថាតាមការបង្ហើបរបស់មន្ត្រីសាលាក្រុងម្នាក់ សុំមិនបានបញ្ចេញឈ្មោះ បានឲ្យដឹងថា សកម្មភាពកាយស្តារស្ទឹងសៀមរាប ជាគម្រោងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តខេត្តសៀមរាប ដែលមានលោកណម ពិសិដ្ឋ ជាប្រធានមន្ទីរ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ នៅក្នុងរដូវវស្សានេះ ដែលត្រូវធ្វើការកាយស្ទឹងសៀមរាបផ្នែកខ្លះឲ្យទឹកហូរបានលឿន ជៀសវាងមានការស្ទះទឹក ដែលអាចបណ្តាលឲ្យលិចក្រុងសៀមរាប។ តែក្រុមហ៊ុន ក៏មិនបានទទួលគម្រោងប្លង់ ក្នុងការស្តារស្ទឹងនេះឡើយ។

ចៅសង្កាត់សៀមរាប លោក ម៉ៃ សាម៉េត បានឲ្យដឹងថា យោងតាមកាអង្កេត តាមដាន នៃសកម្មភាពស្តារស្ទឹងសៀមរាប ក្នុងជំហានពីររបស់ក្រុមហ៊ុននេះឃើញថា មានសកម្មភាពមិនប្រក្រតី ដែលធ្វើទៅខុសបច្ចេកទេស ពីគម្រោងរបស់កូរ៉េ ដោយក្រុមហ៊ុន បានជីកកាយយកដីពីមាត់ស្ទឹងយកទៅដាក់ទីកន្លែងផ្សេងពីមាត់ស្ទឹង ឬថាយកទៅលក់ឲ្យដីឡូតិ៍មួយកន្លែងដើមី្បធ្វើផ្ទះល្វែង។ បញ្ហាទាំងនេះ ទើបសាលាសង្កាត់ ធ្វើសេចក្តីរាយការណ៍ទៅសាលាក្រុង ដើមី្បមានវិធានការក្នុងការទប់ស្កាត់សកម្មភាពនេះ។

តាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីឡូតិ៍ដែលក្រុមហ៊ុនរាជសី ដឹកអាចម៍យកទៅចាក់នោះជារបស់លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប។ ប្រភពដដែលបានលើកឡើងថា នេះជាការឃុបឃិតគ្នា រវាងលោកណម ពិសិដ្ឋ ជាមួយនឹងក្រុមហ៊ុនរាជសី ដោយប្រើប្រាស់រូបភាពគម្រោងកាយបើកមុខទឹក ការពារការជន់លិចក្រុងសៀមរាប នារដូវវស្សា ជ្រកក្រោមស្លាកគម្រោងរបស់មន្ទីរសេដ្ឋកិច្ចហរិញ្ញវត្ថុខេត្ត ដែលមានលោកណម ពិសិដ្ឋ ជាប្រធានមន្ទីរ។

ជុំវិញការកាយដោយខុសបច្ចេកទេសនេះ អាជ្ញាធរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩ បានសម្រេចឲ្យក្រុមហ៊ុនរាជសី បញ្ឈប់សកម្មភាពជាបន្ទាន់ បន្ទាប់ពីអាជ្ញាធររកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពកាយបំផ្លាញច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាប ក្រោមរូបភាពកាយបើកមុខទឹក ដើម្បីការពារទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សានេះ ។

ពាក់ព័ន្ធករណីនេះអង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយពីលោកណម ពិសិដ្ឋ និងខាងភាគីក្រុមហ៊ុនរាជសី នៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី២ខែកក្កដានេះ។

មជ្ឍដ្ឋាននានាបានគាំទ្រ នូវចំណាត់ការរបស់អាជ្ញាធរខេត្តសៀមរាប ទៅលើក្រុមរាជសី ដែលបានបំផ្លាញដងស្ទឹងសៀមរាប ទាំងកំរោលនេះ និងស្នើដល់អាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ បញ្ជូនសំណុំរឿងនេះ ទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ ដើម្បីបង្ហាញជាគំរូដល់ក្រុមហ៊ុនផ្សេងៗទៀត កុំឲ្យចេះតែហ៊ាន៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,232 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,124,078 នាក់