ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ ប្រទេសហ្វាំងឡង់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 08:51 ព្រឹក អ្នកអាន 157

 នៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្មរួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់។

ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលបានលក់ម៉ាស៊ីនភ្លើងដល់ប្រទេសកម្ពុជាកន្លងទៅ។ ជាពិសេសការគាំទ្រដល់វិស័យថាមពល។

ឯកឧត្តម វិល ស្គីនណារី មានប្រសាសន៍តបថា ឯកឧត្តមពិតជាអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគួសបញ្ជាក់ថា ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានៅមានកម្រិត ហើយដើម្បីជំរុញការងារទំនាក់ទំនងនេះ ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។

ឯកឧត្តមបានអបអរសាទរ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជាកំណើនសេដ្ឋកិច្ចដ៏ល្អ។ ឯកឧត្តមគូសបញ្ជាក់ថា ឯកឧត្តមពិតជារីករាយដែលឃើញក្រុមហ៊ុនរបស់ហ្វាំងឡង់ ចុះកិច្ចព្រមព្រៀងលក់ម៉ាស៊ីនភ្លើងដល់ប្រទេសកម្ពុជា ដែលជាម៉ាស៊ីភ្លើងបញ្ចេញផ្សែងពុលកម្រិតទាបបំផុត។ ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រទេសហ្វាំងឡង់អាចជួយគ្រប់គ្រងកាកសំណល់ ហើយក៏ចាប់អារម្មណ៍លើវិស័យផ្សេងៗទៀតផងដែរ។ ឯកឧត្តមយល់ថា ក្រុមហ៊ុនរបស់ហ្វាំងឡង់អាចនឹងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជានាពេលខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់កាលពីឆ្នាំ២០០៦ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលហ្វាំងឡង់ធ្វើជាម្ចាស់ផ្ទះ។ តាមរយៈឯកឧត្តមរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មេដឹកនាំប្រទេសហ្វាំងឡង់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថា ប្រទេសហ្វាំងឡង់នឹងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ការលក់ម៉ាស៊ីភ្លើងដែលមានអាចផលិតថាមពលរហូតដល់ ២០០មេហ្គាវ៉ាត់នេះ ជាការធ្វើពាណិជ្ជកម្មមួយដ៏សំខាន់ ដោយសារកន្លងទៅកម្ពុជាខ្វះអគ្គិសនី។ អ្វីដែលកម្ពុជាចង់ជំរុញ គឺធ្វើយ៉ាងណាឱ្យការបញ្ជូនម៉ាស៊ីនភ្លើងមកដល់កម្ពុជាឱ្យបានឆាប់ៗនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការនាំចេញអង្កររបស់កម្ពុជាមកកាន់ទីផ្សារសហគមន៍អឺរ៉ុបផងដែរ។ សម្តេចបានស្នើប្រទេសហ្វាំងឡង់ គាំទ្រនូវគោលជំហររស់កម្ពុជាក្នុងការលក់អង្ករ ដោយសារកម្ពុជាមានអង្ករចំណាត់ថ្នាក់លេខ១នាំចេញមកអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ចំពោះការយកពន្ធលើអង្ករកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ការយកពន្ធនេះមិនយុត្តិធម៌សម្រាប់កម្ពុជានោះឡើយ ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។ វាជារឿងសំខាន់ណាស់សម្រាប់តំបន់ទាំងពីរនេះក្នុងការធ្វើការជាមួយគ្នាទាំងពេលកន្លងទៅ ក៏ដូចជាពេលខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៅរដ្ឋមន្ត្រីហ្វាំងឡង់ថា ឥឡូវនេះភាគីទាំងពីកំពុងចរចារិះរកវិធីធ្វើជំរុញការធ្វើពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើហ្វាំងឡង់ ជំរុញគណៈប្រតិភូវិនិយោគមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់លើវិស័យដែលអាចវិនិយោគជាមួយគ្នាបាន។ លើសពីនេះទៀតសម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ក្រៅពីវិស័យថាមពលអាចមានវិស័យផ្សេងៗទៀត ដែលប្រទេសហ្វាំងឡង់ និងក្រុមហ៊ុនរបស់ហ្វាំងឡង់អាចសិក្សាវិនិយោគរួមលើសហគ្រាសធុនតូច និងធម្យមផងដែរ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចចង់ឃើញក្រុមហ៊ុនហ្វាំងឡង់វិនិយោគនៅកម្ពុជា ដោយអាចកែច្នៃនៅកម្ពុជាហើយនាំចេញទៅហ្វាំងឡង់ និងប្រទេសផ្សេងៗទៀត។ សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជាត្រូវការអ្នកវិនិយោគពីហ្វាំងឡង់ ហើយក៏ត្រូវការពង្រីកទីផ្សារជាមួយហ្វាំងឡង់ផងដែរ សម្រាប់ផលិតផលរបស់កម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា នៅពេលនេះ ប្រទេសកម្ពុជាបានទិញ និងនាំចូលផលិតផលពីហ្វាំងឡង់ច្រើនជាងប្រទេសហ្វាំងឡង់ទិញ ឬនាំចូលផលិតផលរបស់កម្ពុជាទៅហ្វាំងឡង់។ សម្តេចតេជោ បានមានប្រសាសន៍ប្រាប់រដ្ឋមន្ត្រីហ្វាំងឡង់ថា សម្តេចចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងហ្វាំងឡង់មានការកើនឡើងនាពេលខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមានធនធានធម្មជាតិដូច្នេះហ្វាំងឡង់ចូលរួមវិនិយោគ និងកែច្នៃសម្រាប់នាំចេញ។ ពាក់ព័ន្ធកាកសំណល់វិញ ដែលជារឿងរសើបមួយនៅកម្ពុជានោះ សម្តេចតេជោ បានស្នើហ្វាំងឡង់ពិនិត្យវិនិយោគប្រសិនបើមានការចាប់អារម្មណ៍។ សម្តេចតេជោបានបញ្ជាក់ថា រឿងគ្រប់គ្រងកាកសំណល់មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាក៏ជារឿងក្នុងតំបន់របស់អាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីបទពិសោធន៍របស់សម្តេចក្នុងការដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីតាំងពីទសវត្សរ៍ឆ្នាំ៨០ ដែលមកដល់ពេលនេះមានរយៈពេលជាង ៣៤ឆ្នាំហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចបានឆ្លងកាត់នូវបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធការវិនិយោគលើកាកសំណល់នេះ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រុមហ៊ុនចង់វិនិយោគលើការគ្រប់គ្រងកាកសំណល់នេះ ត្រូវតែគោរពទៅតាមគោលនយោបាយ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនឱ្យមានការនាំចូលកាកសំណល់ពីក្រៅប្រទេស ហើយកាកសំណល់ក្នុងប្រទេសត្រូវផលិតទៅជាថាមពល ឬផលិតក្រដាសជាដើម។

នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រីហ្វាំងឡង់ ក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសហ្វាំងឡង់មានការចាប់អារម្មណ៍ខ្ពស់ទៅលើការប្រែប្រួលអាកាសធាតុ ជាពិសេសការគាំទ្រដល់បញ្ហាបរិស្ថាន។ បញ្ហាបរិស្ថាននេះ ហ្វាំងឡង់ធ្លាប់បានជួយមកដល់ប្រទេសកម្ពុជា តាមរយៈសហភាពអឺរ៉ុបផងដែរ តែមិនដែលបានជួយដោយផ្ទាល់នោះឡើយ។

ចុងក្រោយនៃជំនួបពិភាក្សានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីហ្វាំងឡង់ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកម្ពុជា និងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជាការវិនិយោគ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,660 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,534,255 នាក់