ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 02:20 ល្ងាច អ្នកអាន 439

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ មីឆែល បាឆេឡេ (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចូលជួបសម្តែងការគួរសម និងសំណេះសំណាលលើការងារមួយចំនួន។

លោកជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលសម្ដេចបានអញ្ជើញមកថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយសិទ្ធិមនុស្ស ពីដើមបើមើលទៅសម័យខ្មែរក្រហម គឺគ្មានសិទ្ធិអ្វីទាំងអស់ ហើយជាការពិតអ្វីដែលកម្ពុជាមានសព្វថ្ងៃនេះ មានបរិបូរណ៍ដោយសិទ្ធិនៅប្រទេសកម្ពុជា។

លោកជំទាវបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានមកការិយាល័យ ហើយលោកជំទាវបានមានប្រសាសន៍ថា ការិយាល័យរបស់លោកជំទាវនៅឧត្តមស្នងការសិទ្ធិមនុស្សនេះ គឺជាការិយាល័យចាស់ជាងគេ។ ហើយផ្អែកទៅអនុស្សារណៈយោគយល់គ្នានេះ លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា ខាងឧត្តមស្នងការសិទ្ធិមនុស្សខាងអង្គការសហប្រជាជាតិទទួលស្គាល់ ដឹងថា អ្វីដែលសម្ដេចតេជោ បានធ្វើ បានដឹកនាំប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ជាពិសេសសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម របស់ប្រជាពលរដ្ឋ។ លោកជំទាវបានគូសបញ្ជាក់ផងដែរថា នៅថ្ងៃស្អែក គឺរបាយការណ៍នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំនេះ នឹងចេញនៅថ្ងៃស្អែកនេះ ហើយលោកជំទាវក៏បានមានប្រសាសន៍ផងដែរថា លោកជំទាវបានលឺថា ប្រទេសកម្ពុជាបានទទួលយកនៃអនុសាសន៍ជាច្រើន ដែលបានលើកឡើងកន្លងទៅនេះ។

លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា លោកជំទាវកត់សម្គាល់ថាជាការល្អ ដែលយើងបានទទួល ហើយនឹងធ្វើការទៅលើរឿងនេះ។ លោកជំទាវក៏បានគូសបញ្ជាក់ផងដែរថា ការិយាល័យរបស់លោកជំទាវ ត្រៀមក្នុងការជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសក្នុងការធ្វើរៀបចំ និងការពិនិត្យមើលឡើងវិញ នៅពាក់កណ្ដាលអាណត្តិ នៃរបាយការណ៍នេះ។

លោកជំទាវក៏បានកត់សម្គាល់ កន្លងមកនេះពិតជាមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់ នៃប្រទេសកម្ពុជា ហើយក៏ថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានទទួលយកនូវអនុសាសន៍ជាច្រើននោះ ជាពិសេសនៅក្នុងអនុសាសន៍នោះ នឹងឆ្លើយតបនឹងគាំទ្រដល់គោលដៅអភិវឌ្ឍន៍យុទ្ធសាស្ដ្រ ហើយជាពិសេសទៀត គឺការពង្រឹងនីតិរដ្ឋផងដែរ។ លោកជំទាវក៏បានគូសបញ្ជាក់ផងដែរថា លើសពីនេះទៀត គឺក៏បានត្រៀមដែលយើងហៅថា Ajenda នៅឆ្នាំ២០៣០ ឬមួយរបៀបវារៈឆ្នាំ២០៣០នេះ ហើយមិនត្រឹមប៉ុណ្ណោះលោកជំទាវបានគូសបញ្ជាក់ថា លោកជំទាវរំពឹងផ្ដល់ការគាំទ្រ ទៅរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។

នៅក្នុងជំនួបនោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឆ្នាំកន្លងទៅនេះយើងបានចុះកិច្ចព្រមព្រាងជាមួយគ្នាបន្ដអាណត្តិ នៃការិយាល័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រយៈពេល២ឆ្នាំ។ សម្ដេចបានគូសបញ្ជាក់ថា ដើម្បីចៀសវាងការបារម្ភ យើងចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនេះ រៀងរាល់ពីរឆ្នាំម្ដង ដើម្បីកុំឲ្យមានកង្វល់។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា នៅពេលណាគេនិយាយអំពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កាន់តែច្រើន សម្ដេចតែងតែស្វាគមន៍អំពីតម្រូវការសិទ្ធិមនុស្សជាមួយយើងតែម្ដង។

ពាក់ព័ន្ធនឹងការិយាល័យសិទ្ធិមនុស្ស ក៏ដូចជាពាក់ព័ន្ធនឹងតំណាងរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចំណុចនេះសម្ដេចបានគូសបញ្ជាក់ថា មានតែឯកឧត្តម អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទេ ដែលមានសិទ្ធិក្នុងការជ្រើសរើសអ្នកណាជាតំណាង ដើម្បីធ្វើការងារជាមួយប្រទេសកម្ពុជា ដែលកន្លងមកនេះ ប្រទេសកម្ពុជាបានទទួល៦នាក់មកហើយ។ ហើយជាធម្មតា ជាទំនៀមទម្លាប់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា យើងមិនដែលបដិសេធ ឬច្រើនចោលនៃការតែងតាំង នៃឯកអគ្គរាជទូត ឬការស្នើសុំតែងតាំង តំណាងរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិឡើយ។

មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ដែរកន្លងមកនេះ ក៏មានការស្នើសុំដោយខាងអង្គការសហប្រជាជាតិ ក្នុងការតែងតាំងចៅក្រមសម្រាប់ខ្មែរក្រហមប៉ុណ្ណោះដែរ គឺខាងកម្ពុជាមិនដែលបដិសេធការស្នើតែងតាំងនោះឡើយ។ ប៉ុន្ដែសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ដែរ ថាការស្នើសុំតែងតាំងទាំងអស់នេះ ដោយឯកឧត្តម អគ្គលេខាធិការ ឬមួយក៏ការងារអស់នេះ កម្ពុជាអាចទទួលបាននៅពេលសម្ដេចនៅជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបើអ្នកក្រោយទៀតសម្ដេចមិនច្បាស់ទេ។ ចំពោះវេនទី៣នៃការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនេះ គឺប្រទេសកម្ពុជាបានធ្វើការងារចប់សព្វគ្រប់ហើយ។

នៅក្នុងចំណោមប្រទេសចំនួន៧៣ ដែលបានផ្តល់អនុសាសន៍ចំនួន៩៨ ដល់ប្រទេសកម្ពុជានោះ រាជរដ្ឋាភិបាលទទួលយក១៧៣ រីឯ២៥ទៀត រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែធ្វើការកត់សម្គាល់តែប៉ុណ្ណោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាគោលនយោបាយ និងជាវិន័យរបស់កម្ពុជាផងដែរ។ សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា កន្លងមកនេះមានការលាបពណ៌ដល់ប្រទេសកម្ពុជាដោយរូបភាពផ្សេងៗនោះ ប៉ុន្តែអ្វីដែលកម្ពុជានៅតែធ្វើលើការងារអភិវឌ្ឍន៍ ការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។

លោកជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលនូវអនុសាសន៍ពីបណ្តារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ។ លោកជំទាវ បានគូសបញ្ជាក់ថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សត្រៀមផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសដល់រាជរដ្ឋាភិបាល បើសិនមានតម្រូវការ។ លោកជំទាវមានប្រសាសន៍ថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនឹងផ្តល់នូវអ្វីដែលកម្ពុជាត្រូវការ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកនេះ សម្តេចបានធ្វើការងារជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍ និងការពារលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ដូចជាពេលថ្មីៗកន្លងទៅនេះ សម្តេចបានធ្វើសកម្មភាពដើម្បីជួយដល់ស្ត្រីដែលមានក្តីក្តាំង ដោយបានបង្កើតក្រុមមេធាវីត្រៀមជួយការពារក្តីជូនពួកគេដោយឥតគិតថ្លៃ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានបង្កើនថវិកាជាតិសម្រាប់ក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងយុត្តិធម៌សម្រាប់ធ្វើការងារជួយដល់សំណុំរឿងរបស់ស្ត្រី ដែលខ្វះមេធាវី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្តេចបានបង្កើតមូលនិធិសម្តេចតេជោ ដើម្បីផ្តល់មេធាវីជួយការពារក្តីរបស់ស្ត្រី។ លោកជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានមានប្រសាសន៍ឆ្លើយតបសម្តេចតេជោថា បច្ចុប្បន្ននេះមានការងារជាច្រើនត្រូវយកចិត្តទុកដាក់លើកតម្កើងរួមមានទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ។ ជាពិសេសពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ដែលកម្ពុជាបានធ្វើច្រើននាពេលកន្លងមក។

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវដែលបានជួបពិភាក្សាការងារ។ សម្តេចតេជោ ក៏បានអញ្ជើញលោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទៅទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាដ៏សមស្របណាមួយ។ លោកជំទាវឧត្តមស្នងការបានបញ្ជាក់ថា លោកជំទាវនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោកជំទាវក៏ឆ្លៀតឱកាសនេះកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជាទាំងមូលលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយលោកជំទាវបានកត់សម្គាល់ការរីកចម្រើនជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានចាកចេញពីភាពក្រីក្រនៅកម្ពុជា។ ជាពិសេសទៀតទទួលស្គាល់ប្រទេសកម្ពុជាពិតជាមានការលំបាកក្រោយជួបវិបត្តិនៃភ្លើងសង្គ្រាម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា កន្លងមកនេះសម្តេចបានផ្តល់សិទ្ធិអំណាចជាច្រើនដល់ស្ត្រី ហើយកន្លងទៅនេះក៏បានជំរុញគាំពារសង្គម ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 40,771 នាក់
ម្សិលមិញ : 49,036 នាក់
សរុប : 83,781,349 នាក់