ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន និងភរិយា ឧបត្ថម្ភថវិកា ១០លានរៀល ដល់បុរសម្នាក់ ធ្លាក់កៀបជាប់ថ្ម នៅភ្នំចក្រី ខេត្តបាត់ដំបង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 11:05 ព្រឹក អ្នកអាន 687

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១០លានរៀលដល់បុរសម្នាក់ធ្លាក់កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទុកដោះស្រាយការលំបាក។

សម្តេចតេជោ ហ៊ុន សែន និងភរិយា អានិតអាសូរបុរសរងគ្រោះជាខ្លាំងនៅបានដឹងពីការប្រឹងប្រែងរបស់គេក្នុងការចិញ្ចឹមជីវិតរហូតបានរងគ្រោះថ្នាក់បែបនេះ។ សម្តេចទាំងទ្វេ បានឧបត្ថម្ភថវិកានេះ ដើម្បីជួយរំលែកនូវការលំបាករបស់ជនរងគ្រោះ និងគ្រួសារផងដែរ។

សូមបញ្ជាក់ថាលោក បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្លាក់កៀបជាប់ក្នុងថ្មនៅលើភ្នំចក្រ ពេលរូបគេឡើងទៅកើបអាចម៍ប្រចៀវ។ លោក ប៉ូរ៉ា បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានក្រុមគ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី០៧ ខែសីហាម្សិលមិញ ជនរងគ្រោះត្រូវបានយកចេញពីថ្ម ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ មកដល់យប់ថ្ងៃទី៧ ខែសីហាថ្ងៃដដែល សុខភាពរបស់ជនរងគ្រោះបានល្អប្រសើរឡើងវិញហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,484 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,062 នាក់