ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុយ វណ្ណ: ៖ ប្រវត្តិសារព័ត៌មាន នៅកម្ពុជា 🇰🇭

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 05:53 ល្ងាច អ្នកអាន 535

ភ្នំពេញ៖ ប្រវត្តិសារព័ត៌មាន នៅកម្ពុជា 🇰🇭

តើសារព័ត៌មានភាសាខ្មែរដំបូងគេនៅកម្ពុជាឈ្មោះអ្វី? ហើយបង្កើតនៅឆ្នាំណា? តើសារព័ត៌មាន រួមចំណែកកសាងកំហុស នៅក្នុងអតីតកាលរបស់កម្ពុជា? សូមស្វែងយល់តាមរយៈសំណេរនេះដែលដកស្រង់ផ្នែកខ្លះពីប្រភពកាសែតកោះសន្តិភាព និងឯកសារមួយចំនួនដូចតទៅ៖
១- ធ្វើកាសែតដើម្បីបំផុសមនសិការជាតិ និង កសាងព្រលឹងជាតិ៖ កាសែតជាភាសាខ្មែរ ដំបូងគេនៅកម្ពុជាឈ្មោះ «នគរវត្ត» ចេញផ្សាយនៅខែធ្នូ ឆ្នាំ១៩៣៦ ដោយលោក សឺង ង៉ុកថាញ់, លោក ប៉ាច ឈឺន, និងលោក ស៊ឹម វ៉ា។ បុព្វហេតុរបស់កាសែត និងវត្តមាននៃកាសែតនេះ គឺបញ្ជាក់ពីការភ្ញាក់រលឹកនៃមនសិការស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងនឹងអាណានិគមបរទេស។ អ្នកនិពន្ធភាគច្រើនគឺជាអ្នកចេះដឹងនិងជាអាចារ្យ។
២- ធ្វើកាសែតដើម្បីប្រឆាំងបរទេស និងការពារប្រយោជន៍ជាតិ៖ ការពិត នៅមុននឹងមានកាសែតនគរវត្តដែលចេញផ្សាយជាភាសាខ្មែរ នៅស្រុក ខ្មែរ គឺមានកាសែតដែរ តែជាភាសាបរទេស ដូចជាកាសែត៖ Echo du Cambodge (1922), កាសែត Impartial de Phnom Penh (1923), និងកាសែត Cao Miên Huong Tryèn (1929)។ នៅឆ្នាំ១៩៣៥ មានព្រឹត្តិបត្រ អក្សរសាស្ត្រមួយឈ្មោះ «រាត្រីថ្ងៃសៅរ៍»។ នៅខែកក្កដា ឆ្នាំ១៩៤២ កាសែតនគរវត្ត ត្រូវបានរឹបអូស ដោយ បារាំង ដោយចោទប្រកាន់ថា មានគំនិតជាតិនិយមជ្រុល។ លោក សឺង ង៉ុកថាញ់ បាន ភៀសខ្លួនទៅប្រទេសថៃ បន្ទាប់មកទៅ ដល់ ប្រទេសជប៉ុន រហូតដល់ខែតុលា ឆ្នាំ១៩៤៥ ទើបហ៊ានវិលចូលស្រុកវិញ។
៣- ធ្វើកាសែតបម្រើបរទេស និងវៃខ្មែរគ្នាឯង៖ ក្រោយខ្មែរដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ផ្នត់គំនិតអួតអាងចាប់ផ្តើមកើតមាន។ កាសែត ត្រូវបានបង្កើតកាន់តែច្រើនឡើង ប៉ុន្តែមិនមែនជាដំណាក់កាលជាតិនិយមទៀតទេ។ ក្រោយខ្មែរឯករាជ្យ និន្នាការបង្កើត គណបក្សនយោបាយនានាជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងរកសំឡេងឆ្នោតនៅក្នុងសភា។ ទន្ទឹមនេះ គណបក្សនីមួយៗ ក៏បង្កើតកាសែតផ្ទាល់ខ្លួន ដូចជា៖
-ឆ្នាំ១៩៤៦ មានកាសែត«ប្រជាធិបតេយ្យ» ដោយទ្រង់ ស៊ីសុវត្ថិ យុត្តិវង្ស។
-ឆ្នាំ១៩៤៧ កាសែត«ខេមរៈ» ដោយលោក ញ៉ឹក ជូឡុង, ស៊ីសុវត្ថិ សិរីមតៈ និង លន់ ណុល។
-ឆ្នាំ១៩៥១ កាសែត AKP ចេញផ្សាយជា៣ភាសា៖ ខ្មែរ បារាំង និង អង់គ្លេស។
-ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៥ កាសែត «ប្រជាជន» ដោយលោក ណុប បូផាន់។
-ជាមួយគ្នានេះ ក្រុមសម្តេចឪ សីហនុ ក៏មានចេញកាសែតផ្សាយជាភាសាបារាំង ដូចជា៖ សប្តាហ៍នុប្បវត្តិ Rèalités Cambodgiennes ចេញនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៦៥, ទស្សនាវដ្តីប្រចាំខែ KAMBUJA ចេញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ១៩៦៥, ទស្សនាវដ្តី Le SANGKUM ឆ្នាំ១៩៦៥, ទស្សនាវដ្តី Etudes Cambodgiennes ឆ្នាំ១៩៦៥ និងព្រឹត្តិបត្រប្រចាំខែ Les paroles de S.P.N Sihanouk ហៅកាត់ថា B.M.D ឆ្នាំ១៩៦៥។
-លោក សម សារី បង្កើតកាសែត « រាស្ត្រាធិបតេយ្យ» នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៩ បន្ទាប់ពីមានទំនាស់ជាមួយ ប្រមុខរដ្ឋ សម្តេច នរោត្តម សីហនុ។
-លោក ខៀវ សំផន បង្កើតកាសែត L’Observateur នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៩។
៤- ខ្ញុំសូមសង្ខេបតែត្រឹមនេះថា នៅមានកាសែតជាច្រើនទៀត តែបង្កើតឡើង ដើម្បីតែវៃខ្មែរ ខ្លះបម្រើបរទេស រហូតបរទេសទិញបានមនសិការឲ្យធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់មេដឹកនាំជាតិខ្លួន ហើយមិនយូរ កម្ពុជាក៏ធ្លាក់ក្នុងសង្គ្រាមស៊ីវិល... មួយចំហៀងប្រទេសបានក្លាយជាទីដែលបរទេស ទម្លាក់គ្រាប់ផ្លោងទាំងយប់ទាំងថ្ងៃ ដើម្បីគេដកទ័ពគេចេញពីសង្គ្រាម។ បរទេសគូសមុខឲ្យខ្មែរឈ្លោះគ្នា ហើយបន្ទាប់ពីគេរត់ចាកចោលកម្ពុជា ដូចដែលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បន្សល់លិខិតចុងក្រោយ ប៉ុល ពត មានឱកាសឡើងកាន់អំណាច ក៏អនុវត្តអំពើឆ្កួតលីលា ចាប់ក្រុម លន់ ណុល អាករ ចោល ហើយសូម្បី សម្តេចឪ សីហនុ ក៏ត្រូវជាប់ឃុំ ក្នុងព្រះញាតិវង្សជាច្រើននាក់ត្រូវបានធ្វើគត់។ លន់ ណុល រត់ទៅស្លាប់ចោលឆ្អឹងនៅស្រុកគេ។
៥- ឥឡូវនេះ បរទេសបង្កើតវិទ្យុ ជ្រកក្រោមផ្លាកសេរីភាព វៃប្រមាថខ្មែរ ដល់ក្នុងមុង។ ដូច្នេះ កាសែត ឬសារព័ត៌មាន បច្ចុប្បន្នអាចធ្វើការឆ្លុះបញ្ចាំងអតីតកាលនេះ! កុំបរទេសនិយម, កុំធ្វើជាភ្នាក់ងារមនោគមន៍វិជ្ជាបរទេស, កុំវៃជាតិទាល់តែបែកបាក់។ ជម្លោះនៃ២ភាគី គឺបានប្រយោជន៍ទៅជនទី៣។ កុំគិតថា កំហុសទាំងអស់ជាការទទួលខុសត្រូវផ្តាច់មុខរបស់អ្នកនយោបាយ ហើយបែរជានិយាយដោះសារយករួចខ្លួនថា៖ «ខ្លួនជាអ្នកនាំសារ ឬជាអ្នកនាំសេក»។ ឆ្លុះកញ្ចក់ផង! ខ្លួន ក៏រុកផង អុជផង មិនស្ទើដែរទេ។ បើផ្ទះឆេះ ងាប់ទាំងអស់គ្នា។ បើជាតិអន្តរជាតិ អន់ទាបទាំងអស់គ្នា ក្នុងចង្កោមប្រវត្តិសាស្ត្រ នៃជាតិសាសន៍មួយ។ អត្ថបទដោយលោកហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,123 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,701 នាក់