ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន និងភរិយា ឧបត្ថម្ភថវិកា៥លានរៀល ជូនគ្រួសារ សពកុមារី លិចទូកនៅរតនគិរី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 12:33 ល្ងាច អ្នកអាន 227

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព បានឧបត្ថម្ភថវិកា៥លានរៀលជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យសពកូន និងដោះស្រាយការលំបាកផ្សេងៗ។

អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់បណ្ដាញសារព័ត៌មានថា ថវិកាជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកនឹងយកទៅប្រគល់ជូនគ្រួសារសពដោយផ្ទាល់ដៃនៅព្រឹកថ្ងៃនេះ។

បើតាមលោកទេសរដ្ឋមន្ត្រី ក្រៅពីការនាំយកថវិកាជូនគ្រួសារសពហើយនោះ នៅថ្ងៃនេះលោកនឹងចុះទៅដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅស្រុកលំផាត់ និងស្រុកកូនមុំផងដែរ។ ប្រជាពលរដ្ឋប្រមាណជា១ពាន់គ្រួសារនៅស្រុកកូនមុំក៏កំពុងរងការគំរាមកំហែងពីទឹកជំនន់ខ្លាំងផងដែរ។

គួបញ្ជាក់ថា កុមារីមួយរូបឈ្មោះ រ៉ា រចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរជាសិស្សនៅអនុវិទ្យាល័យលំផាត់ នៅថ្ងៃម្សិលមិញបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូកពេលឆ្លងទៅរកទីទួលសុវត្ថិភាព។ ការលិចទូកនេះ ក៏បាត់បង់នូវសម្ភារៈប្រើប្រាស់មួយចំនួន និងម៉ូតូឌ្រីមសង់១គ្រឿង ព្រមទាំងលុយ២លានរៀល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,464 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,529,927 នាក់