ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អគ្គស្នងការនគរបាលជាតិ បដិសេធ ការបង្ហោះព័ត៌មាន បំភ្លៃការពិត របស់លោកសម រង្ស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 01:21 ល្ងាច អ្នកអាន 273

ភ្នំពេញ៖អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសមួយ ដោយធ្វើការបដិសេធចោល ទាំងស្រុងនូវការលើកឡើងរបស់លោកសម រង្ស៊ី។

ខាងក្រោមនេះជាសេចក្ដីប្រកាស៖ «ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ដែលជាមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ បានព្យាយាមបង្ហោះព័ត៌មាន ប្រឌិតបំផ្លើសបំភ្លៃ នូវការពិតដែលមានលក្ខណៈ ញុះញងមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន និងជនរួមជាតិ មេត្តាជ្រាបថា៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានតួនាទីដឹកនាំកម្លាំង នគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព

សង្គមជូនប្រជាពលរដ្ឋ និងជាពិសេសដឹកនាំកម្លាំងអនុវត្តច្បាប់ ដើម្បីតាមចាប់ខ្លួនឧក្រិដ្ឋជន សម រង្សី និងបក្ខពួកតាមអំណាចសាលក្រម របស់តុលាការ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមេដឹកនាំជាន់ខ្ពស់ នៃកងកម្លាំងនគរបាលជាតិ ដែលតែងតែនៅរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរ និងខ្វាយខ្វល់ជានិច្ចពីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយមិនដែលមានប្រវត្តិរត់ចោលស្រុក និងប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ ឬធ្វើសកម្មភាពញុះញង បង្កចលាចលដល់សង្គមជាតិ ឬធ្វើសកម្មភាពណាមួយ ក្នុងគោលដៅបំផ្លិចបំផ្លាញជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដូចទណ្ឌិតសម រង្ស៊ី និងបក្ខពួកនោះទេ។

នៅក្នុងឋានៈជាពលរដ្ឋខ្មែរថ្លៃថ្នូរមួយរូប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មិនមានចេតនាធ្វើការតបត ជាមួយទណ្ឌិត សម រង្សី និងបក្សពួក ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ តែងតែព្យាយាម ធ្វើឲ្យសង្គមចលាចល វឹកវរ បំផ្លាញសុខសន្តិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ»៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,049 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,512 នាក់