ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ចង់ឃើញ សាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគ មកកាន់ កម្ពុជា ថែមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 04:11 ល្ងាច អ្នកអាន 237

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។
នាយករដ្ឋមន្ត្រី បានកត់សម្គាល់ដែរថាការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគីមានការរីកចម្រើនមែនក៏ប៉ុន្តែសម្រាប់ជួយរដ្ឋមន្ត្រីចង់ឃើញនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។

នាយករដ្ឋមន្ត្រីបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រីក នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែកើនឡើងថែមទៀត ហើយនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីកូរ៉េបន្តការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។

ថ្លែងយ៉ាងដូច្នេះនាពេល ទទួលជួបពិភាក្សាការងារ ជាមួយលោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អណត្តិ នៅវិមានសន្តិភាព ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

លោក អូ ណាក់យ៉ុង បានលើកឡើងនូវចំណុចពីរសំខាន់ ទីមួយគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងទីពីរ គឺការងារក្នុងក្របខ័ណ្ឌអនុតំបន់ និងការងារតំបន់ ។

ឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជានៅក្នុងពេល លោកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា គឺបានជំរុញការងារទ្វេភាគីពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។

លោកបានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកានាពេលខាងមុខ អាស៊ាន និងកូរ៉េនឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នានៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះហើយកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាន និងកូរ៉េផងដែរ។

ពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះគឺយើងមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គកូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដែលបានស្នើឲ្យយន្តការនេះកើនឡើងមួយកំរិតទៀតអោយយដល់ថ្នាក់កំពូល ហើយសាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់សម្ដេចតេជោផងដែរ។ ហើយលោក បានបញ្ជាក់ដែរថា ទោះបីជាលោកចប់អាណត្តិក៏ដោយ ប៉ុន្តែការងារគឺនៅតែបន្តទៅមុខទៀត លោកក៏បានលើកឡើងពីការងារអាទិភាពមួយចំនួន ជាពិសេសក្នុងការងារក្របខ័ណ្ឌទន្លេមេគង្គនេះតែម្ដង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,502 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,306 នាក់