ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរ ចុះបិទទីតាំងលក់ និងបញ្ចូលហ្គាស ៣កន្លែង ក្នុងក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 05:18 ល្ងាច អ្នកអាន 3760

ខេត្តសៀមរាប៖ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងចំនួន៣កន្លែង នៅក្នុងក្រុងសៀមរាប ត្រូវបានបិទ ជាបណ្តោះអាសន្ន ដោយក្រុមមន្ត្រីចម្រុះខេត្តសៀមរាប នៅថ្ងៃទី២០ខែសីហាម្សិលមិញ។

មន្ត្រីបានថ្លែងថា ទីតាំងទាំង៣កន្លែង ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួមមានទីតាំងនៅភូមិមណ្ឌល១ , ភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង និង បានណែនាំដល់ម្ចាស់ទីតាំងប្រកបអាជីវកម្ម និងបញ្ចូលហ្គាសកំប៉ុងទាំង៣កន្លែងនេះ ឲ្យធ្វើការរើឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ ដែលទីតាំងទាំងនោះជាផ្ទះថ្មក្រោមឈើលើ , ផ្ទះល្វែង និងបន្ទប់បញ្ជូលហ្គាស។ ជាមួយគ្នានេះតម្រូវឲ្យម្ចាស់ទីតាំងអាជីវកម្ម ត្រូវធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និង ត្រូវគោរពទៅតាមលក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមានទៀតផង ។

មន្ត្រីថ្លែងបន្តថា កន្លងមកមន្ទីរតែងតែចុះធ្វើការអប់រំ ណែនាំ ចំពោះបងប្អូន ដែលប្រកបអាជីវកម្មបញ្ចូលហ្គាស និង ស្តុបហ្គាសឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ក្នុងការបង្ការកុំឲ្យមានកើនមាននូវហានីភ័យ ប៉ុន្តែហេតុការណ៍ដែលបានកើតឡើងនោះ គឺបណ្តាមកពីការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្ម ព្រមទាំងមិនគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ ខណៈទាំងទីតាំងមួយចំនួន បានធ្វើការលួចលាក់ដោយពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មរបស់ខ្លួនទៀតផង ។

គួបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ មានហេតុការណ៍ផ្ទុះកន្លែងបញ្ចូលហ្គាស បណ្ដាលឲ្យឆាបឆេះ ហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប ដែលជារបស់ឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់។

ក្រោយពីមានហេតុការណ៍ដ៏រន្ធត់បែបនេះ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្ដីប្រកាសថា ទីតាំងដែលរងការឆេះនោះ មិនមានច្បាប់អនុញាត្ត ។ ប៉ុន្តែគេសង្កេតឃើញថាបានដំណើរការរាប់ឆ្នាំមកហើយ។ មហាជន ចង់ឃើញ ថ្នាក់លើ ធ្វើការដកតំណែង លោកមាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តសៀមរាប ចេញពីតំណែង និង សុំឲ្យមានការបើកស៊ើបអង្កេតប្រធានមន្ទីររូបនេះនិងបក្ខពួក ដែលសង្ស័យអាចមានការប្រព្រឹត្តអំពើពុករលួយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,229 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,033 នាក់