ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជាបង្កើត តុលាការសាលាឧទ្ធរណ៍ ៣បន្ថែមទៀត គឺនៅខេត្តត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 11:42 ព្រឹក អ្នកអាន 364

ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដាច់ដោយឡែកពីគ្នាចំនួន ៤ ដើម្បីបង្កើតតុលាការសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ថ្នាក់តំបន់ ចំនួន ៣ ខេត្ត គឺខេត្តត្បូងឃ្មុំ បាត់ដំបង និងនៅខេត្តព្រះសីហនុ។ ព្រះរាជក្រឹត្យបង្កើតតុលាការសាលាឧទ្ធរណ៍បន្ថែមទៀតនេះ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ និងត្រូវបានគេផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

តាមព្រះរាជក្រឹត្យ ការបង្កើតតុលាការសាលាឧទ្ធរណ៍បន្ថែម ៣ទៀតនេះ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋ តាមខេត្តនីមួយៗ។
តាមព្រះរាជក្រឹត្យ តុលាការសាលាឧទ្ធរណ៍ ចំនួន ៤ ដែលព្រះមហាក្សត្រ ទើបតែចេញព្រះរាជក្រឹត្យបង្កើតឡើងនេះ នឹងចាប់ផ្តើមអនុវត្តការងារ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ។

ក្នុងនោះ សាលាឧទ្ធរណ៍ នៅភ្នំពេញ ត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចនានារបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឬករណីសំណុំរឿង ដែលតុលាការកំពូល បានបង្វិលមក។
ដោយឡែក តុលាការសាលាឧទ្ធរណ៍ នៅខេត្តត្បូងឃ្មុំ បាត់ដំបង និងខេត្តព្រះសីហនុ នឹងត្រូវទទួលដោះស្រាយសំណុំរឿងក្តី តាមបណ្តាខេត្ត នៅតំបន់ក្បែរៗនោះ។

សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ត្រូវទទួលដោះស្រាយ៖
-បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តី សម្រេចនានារបស់សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវ
-សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត
-សាលាដំបូងខេត្តកំពង់ស្ពឺ និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ
-សាលាដំបូងខេត្តកោះកុង និងអយ្យការអមសាលាដំបូងខេត្តកោះកុង
-សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ។
សាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង ត្រូវទទួលដោះស្រាយ៖
-បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
-សាលាដំបូងខេត្តពោធិ៍សាត់ និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
-សាលាដំបូងខេត្តបាត់ដំបង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
-សាលាដំបូងខេត្តប៉ៃលិន និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន
-សាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
-សាលាដំបូងខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
-សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ។
សាលាឧទ្ធរណ៍ តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ៖
-បណ្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
-សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
-សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
-សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ
-សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
-សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
-សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
-សាលាដំបូងខេត្តព្រៃវែង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង
-សាលាដំបូងខេត្តស្វាយរៀង និងអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង
-សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូល បានបង្វិលមកវិញ។
សូមបញ្ជាក់ថា កន្លងមក សំណុំរឿងក្តីនៅតុលាការបានកកស្ទះយ៉ាងច្រើន ពិសេសនៅតុលាការសាលាឧទ្ធរណ៍ ដោយសារតែសាលាឧទ្ធរណ៍ មានតែ ១គត់ នៅរាជធានីភ្នំពេញ។ ក្នុងនោះ តុលាការកំពូល ក៏មានតែ ១គត់ នៅរាជធានីភ្នំពេញ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,265 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,069 នាក់