ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ កម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យ យ៉ាងច្រើន ពាក់ព័ន្ធនឹងបញ្ហាជំងឺ ដែលមានចរិត ជាប្រពៃណី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 01:17 ល្ងាច អ្នកអាន 400

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។

សម្ដេចតេជោបានសម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួយនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។ តាមរយៈនេះហើយ ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យ យ៉ាងច្រើន ពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពីនោះទៀតពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀតដើម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករាលដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀតផងដែរ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក៏មានទិសដៅផងដែរថា នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ជាមួយនេះដែរ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។

មានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ នាពេលអញ្ជើញជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។

លោកវេជ្ជបណ្ឌិត Takeshi Kasa បានជម្រាបជូននាយករដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុងតែ ស្ថិតនៅដំណាក់កាលអន្តរកាលមួយឆ្លងកាត់ពីការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណមកជំងឺបែបសម័យ នោះសោតគឺប្រជាពលរដ្ឋយើងឈានដល់មានជំងឺដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាដើម ហើយពីនោះទៀតជំងឺដែលមានចរិតពិបាកព្យាបាលជាងមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗទៀត។ ក្នុងន័យនេះលោកវេជ្ជបណ្ឌិត ក៏បានគោរពជម្រាបជូននាយករដ្ឋមន្ត្រីផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ដែលជាមូលដ្ឋានដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ កម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យលើជំងឺ នាពេលអន្តរកាលនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,260 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,754 នាក់