ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា-ម៉ាឡេស៊ី បានចុះហត្ថលេខា លើឯកសារចំនួន២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:12 ល្ងាច អ្នកអាន 216

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ព្រឹកមិញនេះ បានអញ្ជើញអធិបតី លើការចុះហត្ថលេខា ឯកសារចំនួនពីរ ដែលសំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ (កម្ពុជា-ម៉ាឡេស៊ី) ឱ្យកាន់តែប្រសើរឡើង ដែលពិធីនៅវិមានសន្តិភាព។

ឯកសារទាំងពីរនោះរួមមាន ១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការគេចវេសពន្ធ និងការចៀសវាងពន្ធ ដែលចុះហត្ថលេខាដោយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ ទី២. អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ(កម្ពុជា-ម៉ាឡេស៊ី) មានលក្ខណៈល្អ ប្រសើរ និងមានវត្តមានធុរកិច្ចម៉ាឡេស៊ីជាច្រើននៅកម្ពុជា។ ក្នុងឆ្នាំ២០១៨កន្លងមក ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានចំនួនប្រមាណ៥០០លានដុល្លារអាម៉េរិក ហើយគ្រាន់តែក្នុងឆមាសទី១ ឆ្នាំ២០១៩ ទំហំនេះ បានកើនឡើងដល់ជាង៤០០លានដុល្លារអាម៉េរិក។

សម្ដេចតេជោបានបន្ដថា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ម៉ាឡេស៊ី សម្ដេច និង លោក មហាធា មហាម៉ាត់ បានឯភាពឱ្យស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរ រិះរកវិធីពង្រីកសហប្រតិបត្តិការក្នុងវិស័យនេះបន្ថែមទៀត។ ជាងនេះទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាង កម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមាន ពាណិជ្ជកមុ្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សា ហកម្មហាឡាល់ ការពារជាតិ សន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំផងដែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្ដេជ្ញាសម្របសម្រួលវិធានការចាំបាច់ នានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងវិនិយោគរវាប្រទេសទាំងពីរ។ ថ្នាក់ដឹនាំនៃ ប្រទេសទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានដោយផ្នែក ឯកជន និងសាធារណៈ ក្នុងការជំរុញពាណិជ្ជកមុ្ម និងវិនិយោគ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,571 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,375 នាក់