ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្រាប់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នចំពោះ កុមារតូចៗ និងសត្វអសិរពិសផ្សេងៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:00 ព្រឹក អ្នកអាន 193

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅតាមដងទន្លេមេគង្គ ត្រូវរៀបចំលក្ខណៈ ឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរក ទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្ន ចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗផងដែរ ហើយក៏ សូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាឲ្យបាននូវ ការហូបស្អាត ទឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មាន សុខភាពល្អ ចៀសវាងពី ជម្ងឺផ្សេងៗផងដែរ។

ការអំពាវនាវនេះ នៅរសៀលថ្ងៃទី៤ ខែកញ្ញាម្សិលមិញ នាពេលលោកបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ មូលដ្ឋាន ចុះពិនិត្យមើលទីទួលសុវត្ថិភាព ជាច្រើនកន្លែង ដែល រួមមាន ទីទួលសុវត្ថិភាព វត្តពោធិវ័ន្តកោះប៉ែន វត្តសិរីសាគរកោះកំពង់ត្រុំ ក្បាល់ស្ពានកោះប៉ែន និងក្បាលភូមិស្វាយជ្រុំ ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និង ទីទួលសុវត្ថិភាព កំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដើម្បីត្រៀមបង្ការ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ សត្វពាហនៈ ជាដើម ខណៈ ពេល ដែល ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅតែបន្ត ហក់ឡើង។

បើយោងតាម របាយការណ៍ របស់ លោកអ៊ុ វិបុល មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ ថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី៥ កញ្ញា ២០១៩នេះ ទឹកទន្លេ មេគង្គបានហក់ឡើង ចូលតាមដង ព្រែក បឹងបួរនានា ១០០%ហើយ ដោយទឹកមាន កម្ពស់ ១៤.១០ម៉ែត្រ បើ ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ កើនឡើង ០.៥០ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ ១៥.២៧ម៉ែត្រ ខណៈដែលកម្ពស់ទឹក ត្រូវ ប្រកាស អាសន្ន ១៥.២០ម៉ែត្រ។ យោងតាម ការព្យាករណ៍ ឆ្នាំនេះ ទឹកអាចនឹងហក់ ឡើង ខ្ពស់ជាង ចំណុច ប្រកាសអាសន្នផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,334 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,138 នាក់