ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មហាផ្ទៃ សម្រេច បង្កើតគណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:05 ព្រឹក អ្នកអាន 277

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសមាសភាព១២រូប ដោយក្នុងនោះរួមមានប្រធាន១រូប និងអមដោយអនុប្រធាន៣រូប ព្រមទាំងសមាជិក៧រូប។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ មានភារកិច្ចសំខាន់ៗរួមមាន៖
១- ដឹកនាំ អនុវត្ត សម្របសម្រួល និងត្រួតពិនិត្យការងារអនុវត្តគោលនយោបាយ ផែនការជាតិ គោលការណ៍ណែនាំ និងសកម្មភាព ស្ដីការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល
២- រៀបចំផែនការសកម្មភាព ដើម្បីទប់ស្កាត់ការដាំដុះ ការផលិត ការចរាចរ ការជួញដូរគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀន សម្រាប់អង្គភាពពាក់ព័ន្ធមានសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ
៣- រៀបចំផែនការសកម្មភាព បញ្ជៀសការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងផលប៉ះពាល់នៃគ្រឿងញៀនដល់គ្រប់អង្គភាពចំណុះក្រសួងទាំងផ្នែករដ្ឋបាលស៊ីវិល និងនគរបាលជាតិ និងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
៤- រៀបចំផែនការសកម្មភាព និងកម្មវិធី ដើម្បីឲ្យគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ទាំងផ្នែករដ្ឋបាលស៊ីវិល និងនគរបាលជាតិ និងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃគ្រឿងញៀនដល់សាធារណជន និងក្រុមគោលដៅ ដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់បន្ថយនឹងឈានទៅលុបបំបាត់ទាំងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន
៥- រៀបចំ និងពង្រឹងយន្តការ ដើម្បីគាំទ្រ និងលើកកម្ពស់ ប្រសិទ្ធភាព នៃការផ្ដល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសំដៅទប់ស្កាត់រាល់គ្រោះថ្នាក់ផ្នែកសុខភាពក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន និងពីអ្នកប្រើប្រាស់គ្រឿងញៀនដល់អ្នកដទៃនៅក្នុងគ្រួសារ និងក្នុងសហគមន៍
៦- រៀបចំយន្តការ និងសកម្មភាព អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀនរបស់រាជរដ្ឋាភិបាល
៧- បង្ការ និងទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារ
៨- សហការជាមួយសម្បុរជនជាតិ អន្តរជាតិ អង្គការដៃគួរអភិវឌ្ឍន៍នានា និងសហគមន៍អន្តរជាតិដើម្បីស្វែងរកថវិកា ឬការគាំទ្រដទៃទៀតសម្រាប់សកម្មភាពប្រឆាំងគ្រឿងញៀន
៩- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនរដ្ឋមន្ត្រី
១០- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,490 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,294 នាក់