ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប មិនទប់ស្កាត់ ការដឹកជញ្ជូនឈើ នៅឃុំខ្វាវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:08 ព្រឹក អ្នកអាន 649

ខេត្តសៀមរាប៖សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែង នៅតែបន្តកើតមាន យ៉ាងអណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោកស៊ុន គង់ មិនដែល ចេញមុខ ទប់ស្កាត់បង្ក្រាប ម្ដងណាឡើយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅឃុំខ្វាវ មានស្នាក់ការ បរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ប្រចាំការនៅតំបន់នោះ និងគ្រប់គ្រង ដោយលោកស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ប៉ុន្តែសកម្មភាព នៃការដឹកជញ្ជូនឈើ នៅអាចកើតមាន ដដែលៗ។ ការដែលមានការដឹកជញ្ជូនឈើ យ៉ាងអណាធិបតេយ្យ ទំនងមន្ត្រីបរិស្ថាននៅតំបន់ខាងលើ នោះឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ ដើម្បីផលប្រយោជន៍។

បើតាមសេចក្ដីរាយការណ៍បានបន្តថានៅឃុំខ្វាវ ស្រុកជីក្រែង ដឹកជញ្ជូនឈើ តាមគោយន្តកន្រ្តៃ និងរថយន្ត ធុនតូច បានកើតមាន រៀងរាល់យប់ ដោយក្រុមឈ្មួញហាក់មិនញញើតនិងច្បាប់បន្តិចសោះឡើយ។

សេចក្ដីរាយការណ៍បញ្ជាក់ថាក្រុមឈ្មួញទាំងនោះ មានឈ្មោះ នី ឈ្មោះ សាញ់ ឈ្មោះ ឃា ឈ្មោះ ទូច ឈ្មោះ សេង ឈ្មោះ វ៉ា ឈ្មោះមុល ឈ្មោះ រ៉េត និងអាចនិងមានឈ្មួញជាច្រើននាក់ទៀត។ ឈ្មួញទាំងនោះត្រូវបានគេសង្ស័យថា ជាប្រភពចំណូលរបស់មន្ត្រីបរិស្ថាន ដែលមានលោកស៊ុន គង់ ជាប្រធានមន្ទីរបរិស្ថាន។

សកម្មភាព ដឹកជញ្ជូនឈើ នៅឃុំខ្វាវ ត្រូវបានគេសង្ស័យថា ឈ្មួញបានចូលទៅកាប់អារ នៅតំបន់ អភិរក្សបឹងពែ ដែលគ្រប់គ្រង ដោយមន្ត្រីបរិស្ថាន។

គួបញ្ជាក់ថាកាលពីពេលថ្មីៗនេះ អាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើ យ៉ាងក្ដៅគគុក រហូតមានការ ចាប់ខ្លួនឧកញ៉ា និងដុតបំផ្លាញវត្ថុតាង ដឹកជញ្ជូនឈើ ចោលផងដែរ។ យ៉ាងនេះក្ដី មហាជនសង្ឃឹមថា អាជ្ញាធរខេត្តសៀមរាប នឹងប្រើកណ្ដាប់ដៃដែក បង្ក្រាបការដឹកជញ្ជូនឈើ នៅឃុំខ្វាវ ជាក់ជាមិនខានឡើយ៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,573 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,563,800 នាក់