ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អតីត អ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរីប្រចាំខេត្តសៀមរាប ជួបវិបត្តិការងារ ព្រោះតែស្រមោល អតីតកាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:09 ល្ងាច អ្នកអាន 1868

ខេត្តសៀមរាប÷អតីតអ្នកយកព័ត៌មាន អោយវិទ្យុអាស៊ីសេរី ម្នាក់ប្រចាំខេត្តសៀមរាប សម្តែងការខកចិត្ត ចំពោះការរើសអើង ក្នុងការស្វែងរកការងារថ្មី ក្រោយពីបាត់បង់ការងារពីមុន។ កត្តានេះបានធ្វើ អោយជីវភាពគ្រួសារ ជួបវិបត្តិខ្វះចំណូលយ៉ាងធ្ងន់ធ្ងរ ស្ទើតែនិយាយបានថា អាចមកពីស្រមោលអតីតកាល។

ស្ថិតក្នុងវ័យ៤៩ឆ្នាំ លោកហង្ស សាវយុត អតីតអ្នកយកព័ត៌មានអោយវិទ្យុអាស៊ីសេរី បានបរិយាយក្នុងកិច្ចសម្ភាសន៍ថា អស់រយ:ពេលជាងពីរឆ្នាំមកហើយ ដែលរូបលោកគ្មានការងារធ្វើ បន្ទប់ពីវិទ្យុអាស៊ីសេរីបានបិទការិយាល័យ នៅក្នុងប្រទេសកម្ពុជា។ ចាប់ពីពេលនោះមក មិនទាន់រកការងារថ្មីបានធ្វើនៅ ឡើយទេ ទោះបីជាលោកខិតខំព្យាយាមស្វែងរកយ៉ាងណាក៏ដោយ។ ក្នុងស្ថានភាពបែបនេះ ធ្វើអោយជីវភាពគ្រួសារ ជួបការលំបាកយ៉ាងខ្លាំង ត្បិតប្រពន្ធរបស់លោកពុំអាចចេញ ទៅប្រកបមុខរបរអ្វីកើត ដោយសារតែពិការផ្នែកសុខភាព ព្រោះរូបគាត់ បាន (វះកាត់រហូតដល់បីដង)។

លោកបន្តថា ក្នុងរយ:ពេលជាងពីរឆ្នាំមកនេះ ដោយសាតែពុំមានប្រាក់ចំណូលប្រចាំថ្ងៃនិងខែ រូបលោកផ្ទាល់ក្នុងមួយថ្ងៃ ហ៊ានចំណាយត្រឹមតែ ១៥០០រៀលប៉ុណ្ណោះ ក្នុងការហូបកាហ្វេមួយកែវ។ រីឯគុយទាវវិញស្ទើតែមិនដែលហ៊ានហូបសោះ តែអាចមានម្តងម្កាលដោយសាមិត្តភក្ត័ចេញលុយឱ្យ។

លោកហង្ស សាវយុត បន្ថែមថា រូបលោកបានលា ឈប់ពីវិទ្យុអាស៊ីសេរី ក្នុងខែកក្កដាឆ្នាំ២០១៧ មុនពេល ដែលវិទ្យុនេះ បង្ខំចិត្តបិទការិយាល័យនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលជម្លោះនយោបាយ រវាងគណ បក្សកាន់អំណាចនិបក្សប្រឆាំងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០៦ ដែលរូបលោកបំរើការជាអ្នក យកព័ត៌មានអោយវិទ្យុអាស៊ីសេរី ក្នុងខេត្តសៀមរាប.ព្រះវិហារ.និងឧត្តរមានជ័យ គឺពុំដែលមានការប៉ះទង្គិចឬរងការគំរាមណាមួយពីពលរដ្ឋ មន្ត្រីរាជការឬកងកម្លាំងណាម្នាក់ឡើយ។ ចឹងទេចំពោះការពិបាកក្នុងការរកការងារថ្មី អាចនិយាយបានថា គឺជា ការរើសអើង ព្រោះតែស្រមោលអតីតកាល។

ជាមួយនិងស្ថានភាពគ្រួសារបែបនេះ រូបលោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមិត្តភក្ត័ ឬស្ថាប័នព័ត៌មានណា ដែលត្រូវការរូបលោកឲ្យចូលបំរើការងារ ជួយផ្តល់ដំណឹងផង។ ត្បិតរូបលោកអាចនិយាយនិងសរសេរភាសារអង់គ្លេសបានខ្លះៗដែរ។

លោកសាវ យុត បង្ហាញអំពីជំហ៊ររបស់ខ្លួនថា ជាគំនិតផ្ទាល់ លោកក៏ចង់បើកជាវិទ្យុខ្លួនឯងដែរ ប៉ុន្តែមិនអាចទៅរួចដោយ ថវិការនិងធនធានមនុស្ស។ ជម្រើសចុងក្រោយ បើវិបត្តិការងារនៅតែបន្តគ្រប់គ្រងលើរូបលោក រថយន្តកញ្ចាស់មួយគ្រឿងដែលនៅសល់ពីមុនមក ប្រហែលជាត្រូវដោះដូរជាក់ជាមិនខាន។ ប៉ុន្តែ រូបលោកក៏មិនដង្ហោយរកជំនួយណាមួយនោះឡើយ។

អតីតអ្នកយកព័ត៌មាន អោយវិទ្យុអាស៊ីសេរីប្រចាំខេត្តសៀមរាបរូបនេះបញ្ជាក់ចុងក្រោយថា បើក្រុមមិត្តភក្ត័ ឬស្ថាប័នផ្សេងៗ មានបំណងចង់ផ្តល់ការងារដល់លោក សូមមេត្តាកុំមើលថយក្រោយ ព្រោះការកន្លងហួស គ្រាន់តែជាស្រមោលអតីតកាល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,796 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,627 នាក់