ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តព្រះវិហារ បើកការដ្ឋានផ្លូវ៣ខ្សែ ប្រភេទបេតុងកៅស៊ូ (AC) អំណោយ សម្ដេចតេជោ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 04:22 ល្ងាច អ្នកអាន 195

ខេត្តព្រះវិហារ៖លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកមិញនេះ បានអញ្ជើញ បើកការដ្ឋានផ្លូវគម្រោងអ៊ុតបេតុងកៅស៊ូ (AC) លើកដំបូង កម្រាស់៥ សង់ទីម៉ែត្រ លើផ្លូវចំនួន០៣ខ្សែ មានប្រវែងសរុប ៤ ៨៥០ម៉ែត្រ ស្មើ នឹងចំនួន៧២ ១៥០ ម៉ែត្រការ៉េ។ ពិធីនេះ មានការចូលរួម ពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនផងដែរ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លានទ្រី បានលើកឡើងថា ការបើកកាដ្ឋាននេះគឺជាការពង្រឹងគុណភាពផ្លូវដោយជួសជុល រួចអ៊ុតបេតុងកៅស៊ូ AC កម្រាស់ ៥សង្ទីម៉ែត្រចំនួន ៧២ ១៥០ម៉ែត្រ ការ៉េ លើផ្លូវចំនួន ៣ ខ្សែ គឺទី១ ផ្លូវព្រះខ័ន (ចាប់ពីកែងផ្លូវជាតិលេខ ៩ដល់កែងលេខ ៨) មានប្រវែង ១៣៤០ម៉ែត្រ ទទឹង ១៨ ម៉ែត្រ មានក្រឡាសរុប ២៤១២០ម៉ែត្រការ៉េ។

២ ផ្លូវលេខ ៦២ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់រង្វង់មូលព្រះនរាយ៍) មានប្រវែង ៤៦០ ម៉ែត្រ ទទឹង១៤ ម៉ែត្រដែលមានក្រឡាផ្ទៃសរុប ៦៤៤០ ម៉ែត្រការ៉េ ។

ទី៣ ផ្លូវម្លូព្រៃ ចាប់ពីរង្វង់មូលនាគព័ន្ធដល់កែងផ្លូវជាតិលេខ ៩ សង់ដាកិយ មានប្រវែង ៣ ០៥០ ម៉ែត្រ ទទឹង១៨ម៉ែត្រ នឹង ៩ ម៉ែត្រដែលមានក្រឡាផ្ទៃសរុប ៤១៥៩០ ម៉ែត្រការ៉េ អនុវត្តន៍ដោយកងវិស្វកម្មក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ឈនសារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

លោក សំ លានទ្រី បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៦ ដឹកនាំដោយសម្ដេច ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដោយយកវិស័យអាទិភាពភាពជាច្រើន មកធ្វើការអភិវឌ្ឍក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ជាវិស័យអាទិភាពមួយផងដែរ។

លោក បានបន្ថែមទៀតថា ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ អភិបាលខេត្តព្រះវិហារ ទើបការងារអ៊ុតបេតុងកៅស៊ូនេះ បានកើតមានឡើងសម្រាប់ បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះវិហារនាពេលនេះ។

លោក សំ លានទ្រី បានលើកឡើងទៀតថា ក្រៅពីការងារអ៊ុតបេតុងកៅស៊ូខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏មានគម្រោងពង្រីកផ្លូវកោះកែរ ឲ្យក្លាយទៅជាផ្លូវភ្លោះទទឹង១៨ ម៉ែត្រដាក់បង្គោលភ្លើងបំភ្លឺផ្លូវព្រមទាំងធ្វើសួនច្បារកណ្ដាលទ្រូង ផ្លូវនាពេលដ៏ខ្លី ខាងមុខផងដែរ។

លោក ប្រធានមន្ទីរសាធារណការ បានសំណូមពរដល់ម្ចាស់ការដ្ឋាន ម្ចាស់ដីឡូត៍ និងអ្នកប្រើប្រាស់ផ្លូវ ថ្នល់ទាំងអស់ មេត្តាបញ្ឈប់ ជាបន្ទាន់ នូវការលុបប្រឡាយ គន្លងបង្ហូរទឹក ការលក់ដូរ ជាពិសេស ការចតយានយន្តគ្មានសណ្ដាប់ធ្នាប់ លើដីចំណីផ្លូវទាំងអស់ ។

លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា សមិទ្ធផលខាងលើនេះ គឺផ្តល់ជូនដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ដល់ជូនប្រជាពលរដ្ឋ ខេត្តព្រះវិហារ តាមរយៈគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០១៩ ហើយនឹងមានគម្រោងអ៊ុតបេតុងកៅស៊ូប្រភេទនេះ សម្រាប់ផែនការអភិវឌ្ឍក្នុងខេត្តជាបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ ដើម្បីបង្ករលក្ខណៈងាយស្រួល ជូនសល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរ ឆ្លងកាត់ ។

ទន្ទឹមនឹងសមិទ្ធផលនេះ លោក ប្រាក់ សុវណ្ណ សូមឲ្យក្រុមហ៊ុន ដែលទទួលការអនុវត្ត ការងារសាងសង់ ផ្លូវនេះ មេត្តាយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យគោរព តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឲ្យផ្លូវមានទាំងគុណភាព និងសោភ័ណភាព។ ក្រោយពីសាងសង់ផ្លូវនេះរួច លោក សង្ឃឹមថាវាប្រាកដជា បានបម្រើដលផលប្រយោជន៍ជូន ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ទាំងមូល និងលើកសម្រស់ខេត្តរបស់យើង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត និងអាចទទួលបានផ្ការំដួល២ទង ឬ៣ទង នាឆ្នាំបន្តបន្ទាប់ទៀត។

ជាថ្មីម្តងទៀតលោក ក៏សូមលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមយកចិត្តទុក ដាក់ កុំលុបប្រឡាយទឹក គន្លងផ្លូវទឹក បង្ហូរទឹកមកលើផ្លូវ ឬ ដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់។ល។ ព្រមទាំងចូលរួមថែទាំផ្លូវដើម្បីធានា បានការប្រើប្រាស់យូរអង្វែង។
លោក ប្រាក់ សុវណ្ណ សូមអំពាវនាវឲ្យគោរពចរាចរណ៍ កុំបើកបរលើសល្បឿន កំណត់ ពេលបើកបរយានយន្តត្រូវដាក់ខ្សែក្រវាត់ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពគោរពច្បាប់ ចរាចរណ៍ គឺស្រឡាញ់ជីវិត៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,064 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,868 នាក់