ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចស ខេង អនុញ្ញាតឲ្យ ប្រតិភូ យុវជនកម្ពុជា នៃកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) ចូលជួបសម្តែងការគួរសម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:09 ល្ងាច អ្នកអាន 360

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជា ចំនួន៣៣នាក់ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youths Program- SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងសមាជិកអាស៊ាន ៥ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លើកនេះជាលើកទី៤៦ហើយ ដោយធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស៥៖ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី រយៈពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំងដប់ប្រទេស។ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកល។ បង្កើនស្មារតី និងជំនាញច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នកដឹកនាំសម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមលើការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,984 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,478 នាក់