ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សត្វជ្រូក បានងាប់ រាប់រយក្បាល នៅស្រុកជីក្រែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:45 ល្ងាច អ្នកអាន 906

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា សត្វជ្រូក របស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួនពីរ នៃស្រុកជីក្រែង(ឃុំគោកធ្លកក្រោមនិងឃុំសង្វើយ) បានងាប់ជាបន្តបន្ទាប់ជាច្រើនរយក្បាល ទាំងមិនដឹងមូលហេតុ។

លោក ស៊ឹម សាន់ ជាកសិករចិញ្ចឹមជ្រូក នៅភូមិព្រៃប្រស់ ឃុំសង្វើយ បានឲ្យដឹងថា ពលរដ្ឋរស់នៅភូមិព្រៃប្រស់ ប្រមាណជិត២០០គ្រួសារ បាននាំគ្នាចិញ្ចឹមជ្រូក។ ក្នុងនោះពលរដ្ឋខ្លះបានខ្ចីប្រាក់ពីអង្គការ (ធនាគារ) យកមកធ្វើជាដើមទុន ចិញ្ចឹមជ្រូកព្រោះ តែសង្ឃឹមថា វានឹងបានផលមកវិញ។ ប៉ុន្តែប្រមាណជា៥ទៅ៦ថ្ងៃមុននេះ ស្រាប់តែមានករណីជំងឺចម្លែកកើតឡើង ធ្វើឲ្យសត្វជ្រូករបស់អ្នកភូមិបានងាប់បន្តបន្ទាប់គ្នា ស្ទើរផុតពូជអស់ពីភូមិ គឺឈឺភ្លាម ងាប់ភ្លាមៗ។

ចំណែកអ្នកស្រីសុខ លី ពលរដ្ឋនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ក៏បានឲ្យដឹងដែរថា កាលពី៣ទៅ៤ថ្ងៃមុន ជ្រូករបស់គាត់ចំនួន៤ក្បាល ក្នុងចំណោម១២ក្បាល បានងាប់ទាំងមិនដឹងមូលហេតុអ្វីទាំងអស់។ “អត់មានចេញកន្ទួល ចេញស្នាមអីទេ ពីល្ងាចស៊ីបាយធម្មតា ស្រាប់តែព្រឹកឡើងក៏ងាប់”។

មេភូមិបាក់អង្រុត លោកសួង ស៊ិត សម្តែងការសង្ស័យថា សត្វជ្រូករបស់ពួកគាត់អាចនឹងឆ្លងជំងឺអ្វី នៅពេលណាមួយ។ លោកបន្តថា លោកខំបាចកំបោរ បាចអំបិលការពារខ្លាចឆ្លង តែវានៅតែងាប់ដដែល សូម្បីតែឮថាជ្រូកអ្នកភូមិងាប់ ក៏មិនហ៊ានទៅមើលផង ព្រោះខ្លាចឆ្លងមកសត្វរបស់ខ្លួន។

ជុំវិញករណីនេះមន្ត្រីផលិតកម្ម និងបសុព្យាបាល បានថ្លែងថា រឿងនេះខាងលោកទទួលបានដំណឹង៤ទៅ៥ថ្ងៃ ហើយ។ ខណ:នេះខាងជំនាញ ក៏បានចុះយកសំណាកសាច់សត្វទាំងនោះទៅធ្វើពិសោធន៍រួចហើយ តែមិនទាន់ដឹងលទ្ធផលនៅឡើយ។ លោកបន្តថា ពេលនេះ មន្ត្រីរបស់លោក បានចុះអប់រំ ផ្សព្វផ្សាយជាប្រចាំ ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលមានជ្រូកមានជំងឺ ឲ្យពួកគាត់បានយល់ដឹងអំពីវិធានការការពារ និងសង្គ្រោះសត្វចិញ្ចឹមរបស់ពួកគាត់ជាបឋម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,100 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,904 នាក់