ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកគន់ គីម​ និង​លោកអ៊ុន ចាន់ដា ចុះពិនិត្យ​ ការដ្ឋាន​ជួសជុល​ ស្ពានព្រែកអាចារ្យសួន នៅ​ស្រុក​ស្ទឹងត្រង់​​

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 06:56 ល្ងាច អ្នកអាន 196

ខេត្តកំពង់ចាម​៖លោកគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ អមដំណើរ​ដោយ​លោក អ៊ុន​ ចាន់ដា​ ​អភិបាល​ខេត្តកំពង់ចាម​ និង​មន្ត្រី​ជំនាញពាក់ព័ន្ធ​ នៅថ្ងៃទី១៣ ខែកញ្ញាព្រឹកមិញ បានអញ្ជើញចុះពិនិត្យសកម្មភាព នៃការជួសជុល ស្ពានព្រែកអាចារ្យសួន ស្ថិតនៅ​ក្នុង​ភូមិទួលរកា ឃុំពាមកោះស្នា និង​បន្ត​ដំណើរ​ចុះពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​លិច​កំណាត់​ផ្លូវ​លេខ​៧១C​(២២២ចាស់)​ស្រុក​ស្ទឹងត្រង់​-ស្រុក​ចំការ​លើ​ ដែលទឹកហូរលិចផ្លូវចំនួន០៤កន្លែង​ ពីចំណុចទំនប់ត្រួយជន្លុះទៅដល់ចំណុចទួលពោធិ៍​ ភូមិទួលពោធិ៍​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់។

តាមរបាយការណ៍របស់ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីការរលំសរសរ ១ដើម នៃស្ពានខាងលើ ក្រុមជំនាញបច្ចេកទេស បានសម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន ២ជួរ កម្ពស់ ១ជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដើម្បី ពង្រឹងស្ពានឲ្យចរាចរបណ្តោះអាសន្ន ក្នុងរដូវទឹកជំនន់នេះ ដោយប្រើដែកប៉ាណូចំនួន ៣៦ផ្ទាំង ត្រង់ចំណុច នៃកន្លែងសរសររលំ នោះ ។ បច្ចុប្បន្ននេះ មន្ត្រីជំនាញបញបច្ចេកទេស កំពុងរៀបចំប៉ាណូនោះ ឡើងវិញ ដែលសម្រេចបានប៉ាណូ បានចំនួន ៤ផ្ទាំង ហើយ ។

គួរកត់សម្គាល់ថា ស្ពាន ១កន្លែង នេះ ជាប្រភេទដែកបាឡេ បានកសាងឡើង នាឆ្នាំ១៩៩៣ ហើយបានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដោយទឹកហូរ ធ្វើឲ្យរលំសរសរ ១ដើម ត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង ៦-៣០នាទី ថ្ងៃទី០៦ កញ្ញា កន្លងទៅ ។ ស្ពាននេះ តភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាច ររបស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះកាន់ទៅកាន់ ស្រុកព្រែកប្រសប់ នៃខេត្តក្រចេះ ផងដែរ ។

លោកគន់ គីម បានបញ្ជាក់ថា ក្នុងរដូវវស្សានេះ មានគ្រោះថ្នាក់ដោយធម្មជាតិ ទឹកជំនន់តាមដងទន្លេមេគង្គ បណ្តាលអោយប៉ះពាល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋជាច្រើន។

ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធ​ សាធារណ:នានា ដូចជា សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្លល់ អណ្តូងទឹក និងទីជំរកសត្វពាហនៈមួយចំនួន ក្នុងខេត្តដែលងាយរងគ្រោះ ផងដែរ​។
បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម មានក្រុងស្រុកចំនួន ៧ បានប្រឈម នឹងគ្រោះទឹកជំនន់ទន្លេ មេគង្គ គឺ ៖ ស្រុកស្ទឹងត្រង់ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកកងមាស ស្រុស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកព្រៃឈរ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,360 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,563,587 នាក់