ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ ប្រកាស ថ្កោលទោស ចំពោះសំដី របស់ សម រង្ស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:28 ព្រឹក អ្នកអាន 219

ភ្នំពេញ៖ក្រសួងមហាផ្ទៃ កម្ពុជា នៅថ្ងៃទី១៣ខែកញ្ញាម្សិលមិញ បានចេញសេចក្ដីប្រកាសមួយ សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះសំដីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានប្រមាថ មកលើអង្គ ព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាម្លប់ដ៏សុខដុម របស់ប្រជារាស្ត្រខ្មែរ។

សំដីដ៏អសុរោះ គ្មានសម្បជញ្ញៈ របស់ទណ្ឌិត សម រង្ស៊ី គឺជាការបំពាន យ៉ាងធ្ងន់ធ្ងរ មកលើព្រះកិត្តិនាម និងព្រះចេស្តារបស់អង្គ ព្រះមហាក្សត្រ ដែលព្រះអង្គ គឺជាព្រះប្រមុខរដ្ឋប្រកបដោយ ទសពិធរាជធម៌ និងជានិមិត្តរូបដ៏ឧត្តុង្គឧត្តមនៃឯកភាពជាតិ ក្នុងការធានានូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានការពារ យ៉ាងដាច់ខាតដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិ ដែលមិនអាចជនណារំលោភបំពានបានឡើយ។

ក្រសួងមហាផ្ទៃ សូមអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ ជាធរមាន និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតចំពោះទង្វើ ដែលជាបទល្មើសថ្មីមួយទៀត ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ីដើម្បីថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវយុត្តិធម៌ និងសច្ចៈធម៌ ព្រមទាំងចូលរួមការពារយ៉ាងរឹងមាំនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាមដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,255 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,563,482 នាក់