ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីសាលាស្រុកអង្គរធំ បើកឡាន បុកមនុស្ស ស្លាប់២នាក់ បង់១ម៉ឺន$ ដើម្បីបញ្ចប់រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:37 ល្ងាច អ្នកអាន 655

ខេត្តសៀមរាប៖គ្រួសាររបស់សពចំនួន២នាក់ ដែលបានស្លាប់ ដោយសាររថយន្តរបស់មន្ត្រីសាលាស្រុកអង្គរធំ បើកបុក នោះទទួលបាន សំណងចំនួន១ម៉ឺនដុល្លារ ពីជនបង្ក។ នេះបើយោងតាមមន្ត្រីនគរបាលបានប្រាប់នៅព្រឹកថ្ងៃនេះ។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនី អធិការនគរបាលស្រុកអង្គរធំ បានថ្លែងប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី១៤នេះថា រឿងនេះគ្រួសារជនបង្ក បានជួបដោះស្រាយ ជាមួយគ្រួសារជនរងគ្រោះ ដោយសងប្រាក់ជំងឺចិត្ត ចំពោះគ្រួសារសពទាំង២នាក់ ចំនួន១ម៉ឺនដុល្លា ដើម្បីបញ្ចប់រឿង។ លោកថា ទោះបីគ្រួសារទាំង២ បានដោះស្រាយ សំណងរដ្ឋប្បវេណី នឹងគ្នាយ៉ាងណា ក៏ខាងជំនាញរបស់លោក បានរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យ ចរាចរណ៍ខេត្តដើម្បីចាត់ការបន្តរួចហើយ។

ដោយឡែក លោក វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការខេត្តសៀមរាប បានអះអាងប្រាប់អ្នកកាសែត ដែរថា ជុំវិញករណីខាងលើនេះ ខាងលោកកំពុង រៀបចំសំណុំរឿង ទៅតុលាការនៅថ្ងៃ១៤ខែកញ្ញា នេះតែម្តង ដើម្បីចាត់ការតាមផ្លូវច្បាប់។
រហូតមកដល់ រសៀលថ្ងៃនេះ អង្គភាពបណ្ដាញ សារព័ត៌មាន (សៀមរាបប៉ុស្ដិ៍) នៅមិនទាន់ ទទួលបានការបកស្រាយ បំភ្លឺពីលោកខាន ម៉ាង នាយករដ្ឋបាល នៅសាលាស្រុកអង្គរធំ នៅឡើយទេ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ។

អាជ្ញាធរស្រុកអង្គរធំ នៅថ្ងៃទី១៣ខែកញ្ញាម្សិលមិញ បានចេញសេចក្ដីប្រកាសមួយ ដោយទទួលស្គាល់ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ ពិតប្រាកដមែន។ បន្ទាប់ពីកើតហេតុ រដ្ឋបាលស្រុកអង្គរធំ បានសង្កេតឃើញ នៅតាមបណ្តាញសង្គមហ្វេសប៊ុគ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបានផ្សាព្វផ្សាយ ភ្ជាប់ទៅនឹងរឿងនយោបាយ ក៏ដូចជាបង្កឲ្យមានការយល់ច្រលំលើ រដ្ឋបាលស្រុក ថ្នាក់ដឹកនាំខេត្ត ។

សេចក្ដីប្រកាសនោះបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត មិនបានរត់គេចខ្លួននោះទេ គឺដោយសារម្ចាស់រថយន្តមានរបួស ត្រូវទៅសម្រាកព្យាបាល។ ហើយករណីនេះ ជាសមត្ថកិច្ច របស់នគរបាលចរាចរណ៍ និងតុលាការតែប៉ុណ្ណោះ ក្នុងការអនុវត្តន៍និតិវិធីច្បាប់។ សូមអ្នកលេងហ្វេសប៊ុគ សូមកុំ ធ្វើការផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ ក្នុងន័យចេតនា មូលបង្កាច់ ខុសពីការពិត ឬបរិហាកេរ្តិ៍ ដែលអាចប្រឈមចំពោះផ្លូវច្បាប់។

សូមរម្លឹកថាហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០ និង១៧នាទី យប់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅត្រង់ចំណុចខាងជើងផ្លូវចុះភូមិភ្លង់ ចំងាយប្រហែល២០០ម៉ែត្រ លើផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះថា ខាន ម៉ាង ជានាយករដ្ឋបាល នៅសាលាស្រុកអង្គរធំ ។ មុនពេលកើតជនបង្កទំនងបានជួបជុំមិត្តភក្តិផឹកស៊ី អាចដល់ស្រវឹង ហើយបើកបររថយន្ត ចេញមកក៏ ជួបគ្រោះថ្នាក់បែបនេះ។

រថយន្តបង្ក ម៉ាក់អ៊ីស៊ុយស៊ុយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ សៀមរាប២A៨៧៥៤ បើកបរទិសដៅពីជើង ទៅត្បូង បានបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខសៀមរាប១X ២៤៥៣ ដែលជិះឌុកគ្នា២នាក់ មានទិសដៅពីត្បូង ទៅជើង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ស្លាប់នៅកន្លែង យ៉ាងអាណោចអាធម៌បំផុត។ ចំណែកអ្នកបើកបររថយន្ត ក្រោយបង្ក មិនបាន នៅកន្លែងកើតហេតុនោះទេ។

ជនរងគ្រោះ១ឈ្មោះឈិន វន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងឈ្មោះ ភិន រ៉េ ភេទប្រុស២៣នៅភូមិឃុំជាមួយគ្នា។ បើតាមមន្ត្រីថា មូលហេតុគ្រោះថ្នាក់នេះ បណ្តាមកពីរថយន្តបើកបរ ក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ។

ពាក់ព័ន្ធរឿងនេះ មហាជន សង្ឃឹមថា អាជ្ញាធរសមត្ថកិច្ច ឬស្ថាប័នតុលាការ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្ក ដើម្បីយកមកផ្ដន្ទាទោស ជាក់ជាមិនខានឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,987 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,214 នាក់