ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមហ៊ុន នាំមាន់រស់ ចូលពី ថៃនិងវៀតណាម សុំរដ្ឋាភិបាល ជួយអន្តរាគមន៍ លើការបន្ត អាជ្ញាប័ណ្ណ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:33 ព្រឹក អ្នកអាន 348

ខេត្តកំពង់ចាម៖លោក ជឺ ប៊ុនថន ជាម្ចាស់ក្រុមហ៊ុន ជឺ ប៊ុនថន ឯ.ក រួមជាមួយនឹងក្រុមអាជីវករ បានធ្វើការសុំ រដ្ឋាភិបាល ជួយអន្តរាគមន៍ ដើម្បីសុំសិទ្ធិបន្តសុពលភាព ក្រុមហ៊ុន បានដំណើរការបន្តទៀត។

ការសុំបន្តនូវអាជ្ញាប័ណ្ណ ការនាំចូលមាន់រស់ពីប្រទេសថៃ និងវៀតណាម នេះបន្ទាប់ពី ក្រុមហ៊ុនរបស់លោកត្រូវបាន លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ ឈប់បន្តសុពលភាព ឱ្យធ្វើអាជីវកម្មបន្តទៀត ដោយពុំមានមូលហេតុច្បាស់លាស់ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩កន្លងទៅ។

លោក ជឺ ប៊ុនថន បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិ ចាប់តាំងពីឆ្នាំ ២០១៧ ធ្វើអាជីវកម្ម នាំមាន់រស់ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ។

លោកជឺ ប៊ុនថន ឲ្យដឹងទៀតថា ការផ្អាកមិនបន្ត ឲ្យក្រុមហ៊ុន របស់លោកធ្វើអាជីវកម្ម ហាក់ដូចជាមិនតម្លាភាព ព្រោះថា ក្នុងពេលតែមួយ ខាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ បានអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងបានបន្តសុពលភាព។
ដោយឡែកចំពោះ ក្រុម ហ៊ុនរបស់លោក ត្រូវបានផ្អាក មិនអនុញ្ញាតឲ្យ បន្តសុពល ភាពដោយគ្មានមូលហេតុ ។ ហេតុដូច្នេះហើយទើបលោក សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍ ជួយឲ្យក្រុមហ៊ុនរបស់លោក បានបន្តសុពល ភាព ដើម្បីជួយ សម្រួលការរកស៊ី ដល់ក្រុមអាជីវករ ដែលជាដៃគូធ្វើអាជីវកម្មផងដែរ។

តំណាងអាជីវករលក់មាន់ បងស្រី ម៉ន ក៏បានឲ្យដឹងដែរថា ពួកគាត់ជាអាជីវករ ធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុន ជឺ ប៊ុនថន នាំសត្វមាន់ពីប្រទេសថៃ គឺមានការសហការក្នុងរបររកស៊ី មានភាពល្អប្រសើរ ដោយម្ចាស់ក្រុមហ៊ុន មិនបានគាបសង្កត់ មកលើក្រុមអាជីវករឡើយ ។
ប៉ុន្តែក្រោយ ពេលដែលខាង អគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ មិនបន្តសុពលភាពឲ្យ ក្រុមហ៊ុន ជឺ ប៊ុនថន ធ្វើឲ្យពួកគាត់ ត្រូវបានក្រុមហ៊ុន កំពុងទទួលសិទ្ធិ មានការគាបសង្កត់ ប្រមូលយកលុយច្រើនៗ ក្នុងសេវាផ្នែកច្បាប់អនុញ្ញាត ឲ្យពួកគាត់នាំសត្វមាន់ ចូលពីប្រទេសថៃ។

ដូច្នេះពួកគាត់ សូមគាំទ្រចំពោះក្រុមហ៊ុន ជឺ ប៊ុនថន និងសូមសំណូមពរដល់ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ ផ្ដល់សិទ្ធិបន្តសុពលភាពឲ្យទៅក្រុមហ៊ុន ជឺ ប៊ុនថន ដើម្បីឲ្យពួកគាត់ ជាក្រុមអាជីវករ បានបន្តធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុននេះ បន្តទៀតផង។

អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយពី អគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ នៅឡើយទេ នៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះ ដោយមិនមានលេខទូរសព្ទ ទំនាក់ទំនង។
គួបញ្ជាក់ថាការជួបជុំរបស់ ម្ចាស់ក្រុមហ៊ុនខាងលើនិងអាជីវកនេះ នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ខែកញ្ញាម្សិលមិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,675 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,845 នាក់