ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ប្រតិកម្ម បុគ្គលនិងសារព័ត៌មាន មួយចំនួន ដែលមាននិន្នាការ ប្រឆាំង បកស្រាយបំភ្លើស មួលបង្កាច់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:57 ព្រឹក អ្នកអាន 362

ភ្នំពេញ៖សម្ដេច ស ខេង បានប្រតិកម្ម ចំពោះបុគ្គល និងសារព័ត៌មាន មួយចំនួនដែលមាននិន្នាការប្រឆាំង បានយកទៅធ្វើអាជីវកម្ម បកស្រាយបំភ្លើស និងមួលបង្កាច់ ក្នុងន័យថា សម្ដេច ស ខេង បានរារាំង ឬគៀបសង្កត់ ប្រជាពលរដ្ឋ ក្នុងការធ្វើបុណ្យ ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ទៅវិញ។ នេះជាចេទនាអាក្រក់ ដែល សម្ដេច ក្រឡាមហោម ស ខេង មិនទទួលយកបានឡើយ។

តាមរយ:ទំព័រហ្វេសប៊ុគផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្សាយយ៉ាងដូច្នេះថា៖
សារលិខិត សម្តេចក្រឡាហោម ជូនចំពោះបងប្អូនជនរួមជាតិ
ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ!
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ!

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំព្រះករុណាខ្ញុំបានផ្ញើសារសំឡេង ទៅអភិបាលរាជធានីខេត្ត ណែនាំឲ្យខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមិនបានបញ្ជាឲ្យរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់មិនឲ្យចូលរួមប្រារព្ធពិធីបុណ្យនេះឡើយ។

ប៉ុន្តែមានបុគ្គល និងសារព័ត៌មានមួយចំនួន ដែលមាននិន្នាការប្រឆាំង បានយកទៅធ្វើអាជីវកម្ម បកស្រាយបំភ្លើស និងមួលបង្កាច់ក្នុងន័យថាខ្ញុំព្រះករុណា បានរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាទៅវិញ។ នេះជាចេទនាអាក្រក់ដែលខ្ញុំព្រះករុណាខ្ញុំមិនទទួលយកបាន
ឡើយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវ សន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈ សម្រាប់ប្រទេសជាតិ ខ្ញុំព្រះករុណាខ្ញុំមានសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការដាក់ចេញបទបញ្ជា ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ សម្រាប់គ្រប់ព្រឹត្តិការណ៍នានា។

ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណាខ្ញុំមានសិទ្ធិ ចេញបញ្ជាមន្ត្រីក្រោមឱវាទ ក្នុងការគ្រប់គ្រង សភាពការណ៍ ហើយសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

ចុងក្រោយនេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ពុទ្ធសាសនិកទាំងអស់ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាកសាងបុណ្យកុសលតាមកម្លាំងសទា្ធរៀងៗខ្លួន ដោយទឹកចិត្តជ្រះថ្លា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,506 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,676 នាក់