ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ធ្លាយរឿងអាស្រូវ របស់មន្ត្រីធំៗ នៅក្នុងស្នងការ ប៉ូលិស ខេត្តបាត់ដំបង ក្នុងទំហំទឹកប្រាក់ រាប់រយលានរៀល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:30 ព្រឹក អ្នកអាន 707

ភ្នំពេញ៖យោងតាមការចុះផ្សាយលើគេហទំព័រមួយ នៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះ បានផ្សាយលាតត្រដាង រឿងអាស្រូវ របស់មន្ត្រីធំៗ បម្រើការងារ នៅក្នុងស្នងការប៉ូលិសខេត្តបាត់ដំបង ពាក់ព័ន្ធភាពមិនប្រក្រតី។

គេហទំព័របានផ្សាយថា ករណីលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក នៃស្នងការនគរបាលខេត្តបាត់ដំបង ឃុបឃិតគ្នា ប្រព្រឹត្តរឿងភាពមិនប្រក្រតី។ ភស្ដុតាងនៃបាតុភាព របស់លោក សៅ សាម៉ុន និងលោក វេង គឹមស៊ីម ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ក្នុងទំហំទឹកប្រាក់រាប់រយលានរៀល ហេតុនេះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មិនគួរមើលរំលងតទៅទៀតទេ។ លើសនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើលោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ឲ្យបានស៊ីជម្រៅដើម្បីចាត់វិធានការតាមច្បាប់ជាបន្ទាន់។
យោងតាមប្រភពពីមន្ត្រីនគរបាល នៅក្នុងស្នងការ ដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះរឿងអាស្រូវ របស់លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង ទទួលបន្ទុកផែនធនធានមនុស្សនិងលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក នៃស្នងការខេត្តបាត់ដំបង មិនអាចបិទបាំងតទៅទៀតបានទេ។

ប្រភពបានឲ្យដឹងទៀតថា រឿងអាស្រូវរបស់លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ទាក់ទងទៅនឹងការស៊ីដាច់លុយខ្មោចមន្ត្រីនគរបាលរាប់រយលានរៀល កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យ ដល់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើ របស់លោក សៅ សាម៉ុន និងបក្ខពួកជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ន នគរបាលជាតិទាំងមូល។

ប្រភពដែលស្និទ្ធនឹងលោក សៅ សាម៉ុន បានឲ្យដឹងថា លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម បានឃុបឃិតគ្នាកេងប្រវញ្ចប្រាក់ សមាគមមិត្តនគរបាលឬថវិកាឧបត្ថម្ភជាច្រើននាក់ បើសរុបមិនតិចជាង២០០ទៅ៣០០លានរៀល។

ប្រភពបានឲ្យដឹងទៀតថា ករណីលោក សៅ សាម៉ុន និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្ត គឺគ្មានមន្ត្រីថ្នាក់ក្រោមណា ហ៊ានតវ៉ានោះឡើយ ហើយមិនទាន់មានក្រុមមន្ត្រីអធិការកិច្ចនៃក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះទៅធ្វើការត្រួតពិនិត្យនៅឡើយទេ។

បើតាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តជាច្រើនឆ្នាំមកហើយ ក្នុងខណៈដែលលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង រក្សាភាពស្ងៀមស្ងាត់។

ដូច្នេះហើយទើបក្រុមគ្រួសារ នៃសពមន្ត្រីនគរបាល ក្នុងខេត្តបាត់ដំបង មួយចំនួនលាតត្រដាងបញ្ហានេះជាសាធារណៈ ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីរបស់លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ព្រមទាំងបក្ខពួក។

ជុំវិញ ការចោទប្រកាន់នេះ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បកស្រាយ ពីលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន លោកវរសេនីយ៍ទោ វេ គឹមស៊ីម និងស្នងការខេត្តបាត់ដំបងបាននៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,005 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,175 នាក់