ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តំបន់អភិវឌ្ឍន៍ ដីឡូត៍ ឡុង វុទ្ធី នៅឃុំសន្តិភាព ស្រុកសំឡូត ជាកន្លែងហាមឃាត់ របស់ក្រសួងបរិស្ថាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:57 ព្រឹក អ្នកអាន 470

ភ្នំពេញ៖សេចក្ដីរាយការណ៍ពីខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានឈ្មួញធ្វើការប្រកាសផ្សព្វផ្សាយអំពីការរៀបចំដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩ ៦០០ ម៉ែត្រការ៉េ នៅក្នុងភូមិភ្នំដំបង ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពបានឲ្យដឹងទៀតថា ដីដែលគេរៀបចំជាដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី នោះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ(តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ១៩៩៣។ បើតាមសេចក្ដីប្រកាសព័ត៌មាននៃក្រសួងបរិស្ថាន ចុះថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ បានឲ្យដឹងថា យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ គឺដីតំបន់ការពារធម្មជាតិជាដីសាធារណៈរបស់រដ្ឋដែលមិនអនុញ្ញាតឲ្យកាប់ទន្ទ្រានកាន់កាប់លក់ដូរបានឡើយ និងមិនអាចស្ថិតនៅក្រោមការកាន់កាប់ ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងថា ការដែលឈ្មួញឈ្មោះ ឡុង វុទ្ធី ហ៊ានធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃ តំបន់ការពារធម្មជាតិទំហំ ៤៩ ៦០០ ម៉ែត្រការ៉េ យកទៅរៀបចំដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី គឺអាចមានការឃុបឃិតជាប្រព័ន្ធ។

ប្រជាពលរដ្ឋបានលើកឡើងថា ទំនងបើគ្មានការឃុបឃិតបើកដៃ ពីមន្ត្រីទេនោះគឺមេឈ្មួញ ឡុង វុទ្ធី មិនអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនបានឡើយ។ ហេតុនេះលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនគួរមើលរំលងតទៅទៀតទេ ព្រោះករណីមេឈ្មួញ ឡុង វុទ្ធី ទន្ទ្រានកាន់កាប់ដីព្រៃតំបន់ការពារធម្មជាតិ យកទៅរៀបចំដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី គឺអាចមានការឃុបឃិតជាប្រព័ន្ធ ហើយក៏អាចមានមន្ត្រីអាជ្ញាធរខេត្តបាត់ដំបង នៅពីក្រោយបញ្ហានេះដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ប្រជាពលរដ្ឋក្នុងភូមិភ្នំដំបង ឃុំមានជ័យ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងអភិបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់គម្រោងរៀបចំដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី របស់មេឈ្មួញ ឡុង វុទ្ធី ជាបន្ទាន់ ព្រោះដី ដែលមេឈ្មួញ ឡុង វុទ្ធី ទន្ទ្រានកាន់កាប់ គឺជាដីព្រៃស្ថិតក្នុងតំបន់ការពារធម្មជាតិនៅក្នុងស្រុកសំឡូត។

ទន្ទឹមនឹងនេះអាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន គួរវែកមុខក្រុមមន្ត្រីដែលឃុបឃិតឲ្យមេឈ្មួញ ឡុង វុទ្ធី ធ្វើអ្វីៗតាមអំពើចិត្តផងដែរ ដើម្បីចាត់វិធានការទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព។ លើសនេះទៅទៀតថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន ក៏ដូចជា អភិបាលខេត្តបាត់ដំបង គួរចាត់វិធានការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋកុំឲ្យទៅទិញ ដីឡូត៍នៅក្នុងតំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ទំហំ៤៩ ៦០០ ម៉ែត្រការ៉េនោះ ព្រោះជាដីនៅក្នុងតំបន់ការពារធម្មជាតិ មិនអាចទិញដូរឬកាន់កាប់បានឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,738 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,908 នាក់