ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន ប្រកាស ប្រាប់ពលរដ្ឋ មុនទិញដីឡូត៍ ត្រូវយល់ដឹងនូវ ព័ត៌មានសំខាន់ៗ ៦ចំណុច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:13 ល្ងាច អ្នកអាន 708

ភ្នំពេញ៖ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ខែកញ្ញាម្សិលមិញ បានប្រកាសថា ដើម្បីជៀសវាងហានិភ័យ ជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច មុននឹងសម្រេចចិត្តទិញដីឡូត៍ សាធារណជន មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ មួយចំនួន។ សេចក្តីប្រកាសនេះ បានធ្វើឡើង ខណៈដែលក្រសួងបរិស្ថាន បានប្រកាសថា ការរៀបចំដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩៦០០ ម៉ែត្រការ៉េ មានទីតាំង នៅក្នុងភូមិភ្នំដំបង ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ជាតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាដីរដ្ឋ មិនអនុញ្ញាតឲ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ។

ក្រសួងបរិស្ថាន ក៏បានប្រកាសថា ការចាត់ចែង លក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត នឹងអ្នកជាប់ពាក់ព័ន្ធ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពី ការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ដើម្បីជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច មុននឹងធ្វើការសម្រេចចិត្តទិញដីឡូត៍ ក្រសួងបរិស្ថាន បានប្រកាសឲ្យសាធារណជន មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
១-ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ ( តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬជារបស់អ្នកផ្សេង )
២-វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ ( មានជាប់បន្ទុក ឬអត់ )
៣-លិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច ( ដូចមានចែងក្នុងប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នីក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពី ការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ )
៤-ឯកសារបង់ពន្ធអចលនវត្ថុ
៥-បណ្ណបំបែកក្បាលដី
៦-ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ

ជាមួយនឹងការលើកឡើងខាងលើ ក្រសួងបរិស្ថាន ក៏បានប្រកាសថា ក្រសួង និងរដ្ឋបាលសាលាខេត្តបាត់ដំបង កំពុងចាត់វិធានការ ចំពោះជនរៀបចំឡូត៍តំបន់អភិវឌ្ឍ ឡុង វុទ្ធី ទំហំផ្ទៃដីសរុបប ៤៩៦០០ ម៉ែត្រការ៉េ តាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន និងសូមអំពាវនាវ ដល់សាធារណជន កុំចូលរួមទិញ ឬទទួលយកចំណែកដីឡូត៍ខាងលើនេះ ជាដាច់ខាត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,548 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,718 នាក់