ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ចាម ស្នើដល់អង្គការ សង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ ជាមួយរដ្ឋាភិបាល ក្នុងការ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 07:44 ល្ងាច អ្នកអាន 174

 ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរលោក ហេង វណ្ណី អភិបាលរង ខេត្តកំពង់ចាម បានស្នើដល់សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍ជាដើមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ដោយចូលរួមគាំទ្រដល់គោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ការស្នើសុំខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាស ចូលរួមបើកវេទិកា សន្ទនារវាងវេទិកា សម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការ រវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅ សម្រេចបានក្របខ័ណ្ឌ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។

ពិធីនេះបានធ្វើឡើង នៅក្នុងសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៨ខែកញ្ញាព្រឹកមិញនេះ ក៏មានការអញ្ជើញ ចូលរួមពី លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធ សង្គមស៊ីវិល រួមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍។

បន្ទាប់ពីការពិគ្រោះ សំនួរចម្លើយ និងផ្លាស់ប្តូរយោបល់ ជាមួយនឹងអង្គការសង្គមស៊ីវិល សមាគម សហជីព សហគមន៍រួចមក លោក កឹមរ័ត្ន វិសិដ្ឋ បានធ្វើការបូកសរុប និងវាយតំលៃខ្ពស់ ក្នុងការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តកំពង់ចាម ជាមួយអង្គការសង្គមស៊ីវិល ដែលមានការសហការ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាសបញ្ហារួមគ្នា។

លោក មានប្រសាសន៍ថា លំហរនៃសង្គមស៊ីវិលក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរពុំមានការរឹតត្បិត និងគំរាមកំហែងពីអជ្ញាធរនោះទេ ហើយត្រូវបន្តការសហការ ឲ្យបានល្អប្រសើរបន្តទៀត ក្នុងឆន្ទះស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក និងធ្វើអ្វីៗ ឲ្យត្រូវទៅតាមគោលដៅ របស់អង្គភាពខ្លួន ជៀសវាងបញ្ហាកើតឡើងដោយយថាហេតុ។

គួរបញ្ជាក់ថាតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ គិតមកត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់ សំណុំឯកសារ និងចុះបញ្ជីមានចំនួនសរុប៥.៤៨៣។ សម្រាប់ខេត្តកំពង់ចាម មានសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប៣៧ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,792 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,093,696 នាក់