ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង អញ្ជើញសូត្រមន្ត កាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតី រាជវរារាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 08:27 ល្ងាច អ្នកអាន 386

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមនៃពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៦នេះ សម្ដេចស ខេង និងលោកជំទាវ បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹក ដល់គុណបុណ្យព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមពិធីសូត្រព្រះធម៌ នមស្សការព្រះរតនត្រៃ។

នៅក្នុងបរិយាកាសប្រកបដោយសទ្ធា និងសេចក្ដីជ្រះថ្លានេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទមវតីរាជវរារាម និងសម្ដេចព្រះរាជាគណៈ ព្រមទាំងព្រះសង្ឃ បានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពទ្ធជ័យមង្គល។

បន្ទាប់ពីបញ្ចប់កិច្ចនៃពិធីសូត្រមន្ត ចំរើនព្រះបរិត្ត សម្ដេចស ខេងនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៉ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងពុទ្ធបរិស័ទរួមកាន់បិណ្ឌវឹនទី៦ បានបន្តស្ដាប់ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះសង្ឃ វត្តបុទមវតីរាជវរារាម។

ក្រោយពីបញ្ចប់ការ សម្ដែងព្រះធម្មវិសេសទេសនា ក្នុងឱកាសប្រកបដោយមហាអានិសង្ឃនេះ សម្ដេចនិងលោកជំទាវ បានប្រគេនទេយ្យទានថ្វាយ ព្រះសង្ឃអង្គធម្មកធិក ដើម្បីឧទ្ទិសផល្លាអានិសង្ឃ ដែលកើតចេញពីពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៦ និងការស្ដាប់ព្រះធម្មទេសនានេះ ជូនបុព្វការីជន និងញាតិការទាំងប្រាំ៧សន្ដាន។

សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ សម្ដេចស ខេង លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកាស៊ីវិល និងនគរបាល នៃក្រសួងមហាផ្ទៃ តែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី៦នៅវត្តបុទមវតីរាជវរារាម។ បន្ទាប់ពីបញ្ចប់ ពិធីសូត្រមន្ត នាថ្ងៃនេះ នៅព្រឹកស្អែក សម្ដេច និងលោកជំទាវ នឹងបន្តអញ្ជើញចូលរួមពិធី ឆ្លងបិណ្ឌវេនទី៦នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,825 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,403 នាក់