ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ កម្ពុជា ទទួលបានភាពជោគជ័យ ការបង្ការទប់ស្កាត់ នូវជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:05 ល្ងាច អ្នកអាន 326

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។

សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ។
ការបញ្ជាក់នៅព្រឹកមិញនេះនាពេល ទទួលជួបពិភាក្សា ការងារជាមួយ លោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។

សម្ដេចហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េ ដែលកន្លងមកធ្លាប់បានជួយដល់ ប្រទេសកម្ពុជា លើវិស័យផ្សេងៗ ជាពិសេសដល់ផ្នែកវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណទៅដល់ភាគីកូរ៉េដែរបានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាជាច្រើន មានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ពិតជាត្រូវការចាំបាច់ នូវសេវាព្យាបាល បញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។ ហើយកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ ក្នុងការចូលរួមចំណែក ជួយថែទាំ និងព្យាបាលបងប្អូន ប្រជាពលរដ្ឋ ដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានជម្រាបជូនលោកបណ្ឌិតផងដែរថា នៅពេលខាងមុខនេះពោលគឺនៅក្នុងអំឡុងខែវិច្ឆិកា សម្ដេចតេជោនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខនេះ។ ហើយតបតាមការអញ្ជើញរបស់លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង សម្ដេចតេជោបានឲ្យរកពេលវេលាណាសមស្របដើម្បីសម្ដេចអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់យ៉ាង នៃប្រទេសកូរ៉េនោះ។ ហើយនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានគម្រោងជួបជាមួយពលករខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ។

នៅក្នុងជំនួបនេះ លោកបណ្ឌិត Won Meok Leeលោកបណ្ឌិត បានជម្រាបជូន សម្តេចតេជោថា កាលពីម្សិលមិញ លោកបានអញ្ជើញទៅទស្សនកិច្ច នៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌល មន្ទីរពេទ្យព្យាបាលជំងឺភ្នែក ដែលជួយដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA)។

ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមក មានកិច្ចសហប្រតិបត្តិការ សាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេជោថាកន្លងមក លោកបានជួយដល់ការងារផ្នែកសុខាភិបាលច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែក តាមរយៈមជ្ឈមណ្ឌល ដែលនៅមន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,921 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,091 នាក់