ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បើកប្រតិបត្តិការ ទ្រង់ទ្រាយធំ បង្ក្រាបកន្លែងបញ្ចាំមួយកន្លែង នៅក្រុងសៀមរាប រកឃើញ ម៉ូតូល្មើសច្បាប់៥៦គ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 07:43 ល្ងាច អ្នកអាន 2383

 ខេត្តសៀមរាប៖នគរបាល ខេត្តសៀមរាប បានអះអាងថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលខេត្តសៀមរាប បានចុះទៅឡោមព័ទ្ធទីតាំងផ្ទះបញ្ចាំមួយកន្លែង ស្ថិតនៅក្នុងភូមិអរញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដោយរកឃើញម៉ូតូមិនមានលិខិតស្នាមត្រឹមត្រូវចំនួន៥៦គ្រឿង។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រណ្មទណ្ឌ និងនគរបាលជាច្រើននាក់ទៀត។
ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ដែលមានឈ្មោះ យាយហួរ និងកូនឈ្មោះ ហូរ យកទៅធ្វើការសួរនាំផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ចថា ទីតាំងខាងលើ បានបើកទទួលបញ្ចាំដោយគ្មានច្បាប់អនុញ្ញាត ហើយទទួលយកម៉ូតូ ដែលគ្មានឯកសារគ្រប់គ្រាន់ ដោយបើករយៈពេលយូរឆ្នាំមកហើយ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្ចចុះធ្វើការបង្រ្កាបម្តងហើយដែរ តែនៅតែប្រព្រឹត្តបន្តទៀត។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃនេះ ម៉ូតូទាំង៥៦គ្រឿង រួមទាំងម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចបញ្ជូន យកទៅអធិការដ្ឋាននគរបាល ក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា កន្លងទៅនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការបង្ក្រាបម្តងរួចមកហើយ។តែម្វាស់ទីតាំងនោះ ទទួលបញ្ចាំតែអ្នកស្រុកដែលស្គាល់គ្នា ខ្លះជំពាក់លុយធានាគារ ក៏ទៅដាក់កាតគ្រី។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅឆ្នាំមុនសមត្ថកិច្ចធ្លាប់ចាប់ម្តងនោះ ពេលយកមកដល់អធិការ ពលរដ្ឋនាំគ្នាយកឯកសារ មកយកម៉ូតូវិញជាធម្មតា។
សត្ថកិច្ចបញ្ជាក់ថា ទោះជាយ៉ាងណានៅពេលនេះ គ្រាន់តែដកហូតយកមកបណ្តោះអាសន្នសិន នៅពេលស្រាវស្រាវចប់ទើបបង្ហាញព័ត៌មានជាក់លាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,780 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,950 នាក់