ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ផ្ដល់ម៉ូតូ ដល់សិស្ស និទ្ទេសA ៩នាក់ ម្នាក់មួយគ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:33 ល្ងាច អ្នកអាន 353

ខេត្តកំពង់ចាម៖ជាការបន្តនូវគោលគំនិត របស់ថ្នាក់ដឹកនាំមុនៗ ក៏ដូចជាការលើកទឹកចិត្ត ដល់សិស្ស ដែលព្យាយាមរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អ នៅព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានផ្ដល់ ម៉ូតូ ជារង្វាន់លើកទឹកចិត្ត ចំពោះសិស្សនិទ្ទេស A ម្នាក់ ១គ្រឿង ចំនួន ០៩នាក់ នៅក្រុងកំពង់ចាម ទៅតាមការសន្យា កន្លងទៅ។

លោកអ៊ុន ចាន់ដា មានប្រសាសន៍ថា នេះ ជាការទឹកចិត្ត របស់លោកផ្ទាល់ ដើម្បី ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗ ក្នុងរយៈពេល ១២ឆ្នាំកន្លងទៅ។ ទាំងអស់នេះ គឺជាកិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលាផ្ទាល់ ជាពិសេស កិត្តិយស សម្រាប់ខេត្តកំពង់ចាម របស់យើង ផងដែរ ។ មួយផ្នែកទៀត ការជួយនូវម៉ូតូនេះ ក៏ដើម្បី បានរួមចំណែកសម្រាលបន្ទុកដល់ឪពុក ម្ដាយ ឬអាណាព្យាបាល ក្នុងការដោះស្រាយ ជាមធ្យោបាយធ្វើដំណើរ សម្រាប់កូនចៅរបស់ខ្លួន ។

អភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ការបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលង ប្រជែង នៅកម្រិតឧត្ដមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។ លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗត្រូវខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បី យកចំណេះដឹង មកបំរើដល់ប្រយោជន៍សង្គមជាតិ ក៏ដូចជា ភាពរីកចំរើន ដល់ក្រុមគ្រួសារ ផងដែរ ។

ទន្ទឹមជាមួយនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បី រួមគ្នាកសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែរីកចំរើន តទៅមុខទៀត ។

ដោយឡែក ជាមួយនឹងអំណោយអនុស្សាវរីយ៍ ជាម៉ូតូនេះដែរ លោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម ក្នុងនាមសិស្សានុសិស្ស មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលា ផងដែរ បានលើកនូវចំណាប់អារម្មណ៍ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ទឹកចិត្តសប្បុរស របស់ លោក អភិបាល ខេត្តកំពង់ចាម ដែលបានរួមចំណែកលើកកម្ពស់ ដល់វិស័យអប់រំ នៅក្នុងខេត្តកំពង់ចាម តាមរយៈ ការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលបានខំប្រឹងប្រែងរៀនសូត្រ និងទទួលបាននិទ្ទេសល្អ នាពេលនេះ ។ លើសពីនេះទៅទៀតនោះ កាយវិកាគំរូនេះ វាបានចូលរួមចំណែកដាសតឿន និងក្រើនរំលឹក ទៅដល់សិស្សជំនាន់ក្រោយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យកាន់តែពូកែ ផងដែរ ។ ដូច្នេះ តាមរយៈទឹកចិត្ត ដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពជូនពរ ដល់អភិបាលខេត្ត និងក្រុមគ្រួសារ បុត្រា បុត្រី សូមមានសុខភាពល្អ ប្រកបតែសេចក្ដីសុខចំរើន និងជោគជ័យ គ្រប់ភារកិច្ចការងារ ។

សូមជម្រាបថា ការផ្ដល់រង្វាន់លើកចិត្តនេះ នឹងធ្វើឡើង ដូចៗគ្នា នៅតាមបណ្ដាស្រុក ផ្សេងៗទៀត នៃខេត្តកំពង់ចាម ពោលគឺ អាស្រ័យ លើទៅតាមការរៀបចំ របស់ក្រុមការងារ នៅក្នុងមូលដ្ឋាននីមួយៗ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នៅទូទាំងខេត្តកំពង់ចាម មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ២៧នាក់ ក្នុងនោះ ស្រីចំនួន ១៣នាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,590 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,760 នាក់