ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ហៅអ្នកបើកឡានធំ បំផ្លាញផ្លូវ៣០ម៉ែត្រ មកដោះស្រាយ តាមផ្លូវច្បាប់ និងឲ្យអ្នកម៉ៅការ ធ្វើឡើងវិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 06:29 ល្ងាច អ្នកអាន 1696

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានហៅអ្នកបើកឡានធំ បំផ្លាញផ្លូវ៣០ម៉ែត្រ មកដោះស្រាយ តាមផ្លូវច្បាប់ និងឲ្យអ្នកម៉ៅការស្ថាបនាផ្លូវនេះ ធ្វើឡើងវិញ។
ការអះអាងបែបនេះ បន្ទាប់ពីមានរថយន្តដឹកខ្សាច់មួយគ្រឿង បានធ្វើចរាចរណ៍ តាមផ្លូវ៣០ម៉ែត្រ បណ្ដាលឲ្យបាត់ស្រុត ខូចកៅស៊ូ ដែលទើបធ្វើថ្មីៗនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជំនាញបាន អូសឡានដឹកខ្សាច់ខាងលើ ទៅកាន់ស្នងការខេត្តដើម្បីរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់។ ចំណែកតៃកុងរថយន្ត ត្រូវបាននាំ យកទៅសាកសួរ នៅសាលាខេត្ត។
ទោះយ៉ាងណា អ្នកបើកបរ និងក្រុមហ៊ុនដឹកខ្សាច់ មិនត្រូវបានគេទម្លាយឈ្មោះនោះឡើយ គ្រាន់តែដឹងថាអ្នកបើកបរនោះ ទំនងជាយោធា។ រថយន្តបង្កនោះ មានស្លាកលេខ បាត់ដំបង៣A.០៦៤៨។
មន្ត្រីជាន់ខ្ពស់សាលាខេត្តសៀមរាប បានឲ្យដឹងថា ពេលនេះអាជ្ញាធរ បានហៅ អ្នកទទួលម៉ៅការហ្នឹង មកធ្វើផ្លូវឡើងវិញ ព្រោះផ្លូវនេះ ធ្វើមិនទាន់រួចរាល់ នៅឡើយទេ។
បើតាមមន្ត្រីរូបនោះបានអះអាងថា រាល់ឡានធំៗ អាជ្ញាធរចម្រុះ បានដាក់ស្លាកសញ្ញា ហាមឃាត់ មិនឲ្យចូលក្រុងដែរ តែពួកគេចេះតែបំពាន។
គួរបញ្ជាក់ថាហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តាយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ផ្លូវដែលរងការខូចនោះ មានប្រវែង៣៦,៥ម៉ែត្រនិងផុងខូចកៅស៊ូមានជម្រៅ០,៥ម៉ែត្រ។
ផ្លូវ៣០ម៉ែត្រនេះ ត្រូវបានប្រភពទម្លាយ ថាអាជ្ញាធរខេត្ត ជាអ្នកទទួលខុសត្រូវ ឲ្យក្រុមហ៊ុនមួយ ជាអ្នកស្ថាបនា ដោយបានពង្រីកធំជាងមុន ហើយទើបស្ថាបនា តែប៉ុណ្ណោះ។

ប្រភពព័ត៌មានបានបន្តថា រថយន្តខាងលើនេះ គឺជាកម្មសិទ្ធ របស់ក្រុមហ៊ុន ឯកជន មួយដែលអាច មានថៅកែ ជាស្ត្រីជើងខ្លាំងខាងរកស៊ី មុខជំនួញ បូមខ្សាច់ និងកាយថ្មភ្នំ កាយដីលក់ ដ៏ល្បីល្បាញនៅក្នុងខេត្តសៀមរាប។
សូមរម្លឹកថាក្រោយពីមានហេតុការណ៍នេះ ក៏មានបណ្ដាញសង្គមហ្វេសប៊ុគ បានធ្វើការបង្ហោះ និងមានការចែករំលែកតៗគ្នាផងដែរ។
ពាក់ព័ន្ធរឿងផ្លូវនៅក្រុងសៀមរាប នេះក៏គេឃើញអាជ្ញាធរខេត្តនិងមន្ទីរជំនាញ បានប្រឹងប្រែង ដាក់ប្រព័ន្ធលូនិងជួសជុលនិងកែលម្អរ ផងដែរ ហើយសង្ឃឹមថាថ្ងៃឆាប់ៗខាងមុខនឹងល្អប្រសើរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,317 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,487 នាក់