ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឃឹម ប៊ុនសុង យកអំណោយ រដ្ឋមន្ត្រីការពារជាតិ ចែកជូន យោធិនពិការ គូលេន៣១៧សៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:17 ព្រឹក អ្នកអាន 569

ភ្នំពេញ៖លោកឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃម្សិលមិញ បានដឹកនាំគណៈប្រតិភូ នាយទាហានក្រសួងការពារជាតិ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ យោធិនពិការ រស់នៅក្នុង មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ មកចែកជូនក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ។

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប បានចាប់បដិសន្ធិឡើងក្រោមការផ្តួចផ្តើម របស់ សម្ដេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើមនៃការ កសាងក្នុងឆ្នាំ ២០០៨, ២០០៩, ២០១០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១ បានដំណើរការ កាត់ខ្សែបូរ សម្ពោធដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការ ក្រោមវត្តមាន សម្តេច តេជោ និងភរិយា។ ចាប់ពីពេលនោះ មកដល់បច្ចុប្បន្ននេះ បងប្អូនយោធិនពិការ ដែលមានសេចក្តីប្រកាស ទទួលស្គាល់ ជាយោធិនពិការ របស់ក្រសួងការពារជាតិ បានចូលមករស់នៅ មានចំនួន ២៩១គ្រួសារ ។

ក្រោយទទួលបាន របបគោលនយោបាយពី ប្រមុខ នៃរាជរដ្ឋាភិបាល នូវដី ០១ហិកតាកន្លះ លំនៅដ្ឋានចំនួនមួយខ្នង ៥ម x ៧ម រួចមក បងប្អូន ផ្តោត លើការ ដាំដំណាំរួមផ្សំ និង ការចិញ្ចឹមសត្វ ដើម្បីកែប្រែ សេដ្ឋកិច្ចគ្រួសារ ឲ្យបានប្រសើឡើង។

លោកឃឹម ប៊ុនសុង បានពាំនាំនូវការសាកសួរសុខ ទុក្ខពី សម្តេចទៀ បាញ់ និងសម្តេចនាយករដ្ឋមន្ត្រី ដែលសម្តេច តែងតែគិតគូរ ដល់សុខទុក្ខនាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសារ របស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។

លោកឃឹម ប៊ុន សុងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ និងសម្តេច ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹក នាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល កន្លង មក។ ហេតុនេះហើយ បានជាសម្ដេចតេជោ និងភរិយា បានផ្ដល់នូវអ្វីៗទាំងអស់ គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើង កាន់ តែ ប្រសើរពីមួយថ្ងៃទៅ មួយថ្ងៃ។

លោកឃឹម ប៊ុន សុង បានថ្លែងកោតសសើរ ចំពោះនាយ និងពលទាហាន យោធិនពិការគូលេន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចារិក និងវិន័យរបស់ខ.ភ.ម ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយឡើយ។

លោកឃឹម ប៊ុន សុង ក៏បានជូនពរដល់នាយ និងពលទាហាន យោធិនពិការ និងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក្ខ័ន្ធ បុព្វការីជន វីរយុទ្ធជន ដែលបានទៅកាន់លោកខាងមុខតាមថែរក្សាបងប្អូន ក្នុងឱកាសពិធីភ្ជុំបិណ្ឌ ឲ្យជួបប្រទះតែនឹងសេចក្ដីសុខតរៀងទៅ។
អំណោយ ចែកជូនចំនួន២៩១គ្រួសារ ផ្តល់ជូនថវិការ ដល់មជ្ឈមណ្ឌល ចំនួន ៣លានរៀល។

ផ្តល់ជូនគ្រួសារយោធិន ២៩១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី០៥កញ្ចប់ ត្រីខ០៥កំប៉ុង ទឹកដោះគោ០១កំប៉ុងស្ករស០១គីឡូក្រាម និងថវិការ ចំនួន៣០ម៉ឺនរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,350 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,520 នាក់